Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងអប់រំ៖ ថ្ងៃទី១នៃការប្រឡងបាក់ឌុប មានបេក្ខជនជាង១ពាន់នាក់អវត្តមាន និង២១នាក់មានបញ្ហាសុខភាព ក្នុងនោះ២នាក់មិនអាចប្រឡងបាន

21-08-2017 17:30

(ភ្នំពេញ)៖ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលជាថ្ងៃដំបូងនៃការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានបេក្ខជនអវត្តមាន១,៤៩៧នាក់ នៅទូទាំងប្រទេស ។

លោក រស់ សាលីន បន្តថា ក្នុងចំណោមសិស្សអវត្តមាន ពេលប្រលងពេញ១ថ្ងៃនេះ ភាគច្រើនជាសិស្សបំពេញវិជ្ជា (សិស្សស្វ័យរិន)។ លោកក៏បានបញ្ជាក់ផងដែរថា ជារួមសម្រាប់ការប្រឡងបាក់ឌុប នៅថ្ងៃដំបូងនេះ គឺប្រព្រឹត្តទៅដោយរលូន និង ដំណើរការបានល្អ។

លោក សាលីន បានឲ្យដឹងដែរថា ចំពោះបញ្ហាសុខភាពវិញ កើតឡើងសរុបទាំងអស់២១ករណី ក្នុងនោះមានសិស្ស ២១នាក់មាន បញ្ហាសុខភាព តែត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះទាន់ពេល ក្រោយទទួលបានការព្យាបាល។ ប៉ុន្តែមានសិស្សចំនួន២នាក់ មិនអាចបន្តការប្រឡងបាន ក្រោយទទួលការព្យាបាល ដោយសារមានអាការៈធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃពោលគឺ ថ្ងៃទី២១​ និងថ្ងៃទី២២ ខែសីហា ដោយមានមណ្ឌលប្រឡងចំនួន ១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន ១០១,៤១០នាក់ (ស្រី៥០,០៤៩នាក់)៕​