(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់រង្វាន់ទូរស័ព្ទដៃ iPhone ១គ្រឿង និងលោក ស សុខា តំណាងរាស្ត្រខេត្តព្រៃវែង និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ផ្តល់រង្វាន់ម៉ូតូ១គ្រឿង សម្រាប់សិស្សដែលជាប់បាក់ឌុបនិទ្ទេស A ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីជាការលើកទឹកចិត្ត។
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ លោក សួន បវរ អភិបាលខេត្ត ចូលរួមទិវាសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧ នៅមណ្ឌលប្រឡង វិទ្យាល័យសម្តេចឪ។
លោក សួន បវរ បានថ្លែងថា «ខ្ញុំអញ្ជើញចូលរួមជាកិត្តិយស បើកវិញ្ញាសាជូនក្មួយៗ ហើយខ្ញុំសង្ឃឹមថាឆ្នាំនេះ លទ្ធផលនៃការប្រឡង នឹងទទួលបាន លទ្ធផលល្អជាងឆ្នាំមុនៗ ដោយយើងបានប្រុងប្រៀបយ៉ាងហ្មត់ចត់ ហើយក្មួយៗក៏បានត្រៀមខ្លួនតាំងពីដើមឆ្នាំមកហើយដែរ»។
នាឱកាសនោះ សិស្សានុសិស្សទាំងអស់ បានបង្ហាញទឹកមុខញញឹម បង្កប់ដោយភាពក្លាហាន និងជឿជាក់ លើសមត្ថភាពរបស់ខ្លួន ពិតជាបង្ហាញថា ក្មួយៗជាបេក្ខភាពប្រឡង ដែលពោពេញ ដោយការជឿជាក់លើសមត្ថភាពខ្លួនឯង។
លោក បានបន្ថែមទៀតថា វេលាម៉ោង០៦៖៤៥នាទី នៅក្នុងមណ្ឌលប្រឡងបេក្ខជន បានមកដល់តម្រង់ជួរប្រកប ដោយសណ្តាប់ធ្នាប់រៀបរយ និងសុវត្តិភាព បន្ទប់មានភ្លើងបំភ្លឺគ្រប់គ្រាន់ ស្ងប់ស្ងាត់ ផ្តល់លក្ខណៈងាយស្រួលដល់ក្មួយៗ ក្នុងការប្រឡង និងជូនពរក្មួយៗ ទទួលបានជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា៕