(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ ថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ចប់ហើយ បន្ទាប់ពីបេក្ខជនជាសិស្សានុសិស្សថ្នាក់ទី១២ បានប្រឡងរួចរាល់ លើវិញ្ញាសា៤មុខវិជ្ជា។
សម្រាប់ការប្រឡងថ្ងៃទី២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ បេក្ខជននឹងត្រូវប្រឡងពេញមួយថ្ងៃទៀត៖
ចំពោះថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖
* ពេលព្រឹក
+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង៩៖០០នាទី ត្រូវប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៩៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ត្រូវប្រឡងមុខវិជ្ជា រូបវិទ្យា (រយៈពេល៩០នាទី)។
* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៤៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា (រយៈពេល១៥០នាទី)។
ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖
* ពេលព្រឹក
+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង៩៖០០នាទី ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៩៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ត្រូវប្រឡងមុខវិជ្ជា សីលធម៌-ពលរដ្ឋវិទ្យា (រយៈពេល៩០នាទី)។
* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៤៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (រយៈពេល១៥០នាទី)។
ក្រសួងអប់រំ បានឲ្យដឹងថា រសៀលថ្ងៃទី១ មានបញ្ហាសុខភាពបេក្ខជនប្រឡងនៅ តាមមណ្ឌលមួយចំនួន អំឡុងពេល ប្រឡងក្នុងដំណើរសំណេរ ដោយមានអាការៈវិលមុខ ខ្យល់គរ ក្អួត ឈឺជើង គ្រុនក្ដៅជាដើម។ ក្នុងនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល បន្ទាប់ពីបានទទួលជំនួយ សង្គ្រោះបឋម ពីក្រុម គ្រូពេទ្យប្រចាំការនៅតាមមណ្ឌល។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕