(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បានបន្តចុះពិនិត្យមើលស្ថានភាពរបស់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧នេះ នៅមណ្ឌលវិទ្យាល័យសម្តេចម៉ែ ក្នុងស្រុកត្បូងឃ្មុំ និងមណ្ឌលប្រឡងផ្សេងៗទៀត ទូទាំងខេត្តត្បូងឃ្មុំ។
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ លោក លី ឡេង បានអញ្ជើញចូលរួមបើកវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង ក្នុងក្រុងសួង ក្នុងថ្ងៃទី១ នៃការប្រឡងនេះ។
នេះបង្ហាញពីការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំខេត្ត ដែលលោកតែងតែ រំលឹក និងឲ្យតម្លៃទៅលើការសិក្សា ក៏ដូចជាការប្រឡង ដែលស្របទៅនឹងពាក្យស្លោកដ៏មានអត្ថន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេស លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ខ្លីខ្លឹម តែមានន័យជ្រៅនោះគឺ «អ្នកចេះគឺជាប់»។
សូមជម្រាបថា ចំពោះស្ថានភាព ទូទៅតាមមណ្ឌលប្រលងទាំងអស់ ក្នុងខេត្តត្បូងឃ្មុំ គឺមានសភាពស្ងប់ស្ងាត់ល្អ ដំណើរការប្រលងប្រព្រឹត្ត ទៅដោយរលូន ដោយមិនមានបញ្ហាអ្វីនោះឡើយ ។
សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ ខេត្តត្បូងឃ្មុំ មានបេក្ខជនសរុប៣១៥១នាក់ ស្រី១១៦០នាក់ ចែកចេញជា៥មណ្ឌល មាន១២៧បន្ទប់៕