(ពោធិ៍សាត់)៖ លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំមណ្ឌលពោធិ៍សាត់ លោកស្រី ជុក សុផានី អភិបាលរងខេត្ត និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញជាកិត្តិយស ក្នុងការកាត់ស្រោម និងបើកវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នៅវិទ្យាល័យពោធិ៍សាត់ ដោយបានការចូលរួមពី ក្រុមអ្នកសង្កេតការណ៍មកពីសហភាពសហព័ន្ធយុវជនខេត្តយ៉ាងច្រើនកុះករ។
លោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ ចាប់ពីថ្ងៃទី២១-២២ ខែសីហាខាងលើនេះ ខេត្តពោធិ៍សាត់មាន៥មណ្ឌល ចែកចេញជា២ផ្នែក ទី១៖ ផ្នែកវិទ្យាសាស្រ្ត មាន៣មណ្ឌល ស្មើនឹង៧៥បន្ទប់ គឺមណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងជើង មណ្ឌលអនុវិទ្យាល័យពោធិ៍សាត់ និងមណ្ឌលសាលាបឋមសិក្សាពោធិ៍សាត់ មានបេក្ខជនចំនួន១៨៧៥នាក់ ក្នុងនោះស្រី៩៨០នាក់ និងទី២៖ ផ្នែកវិទ្យាសាស្ត្រសង្គម មាន២មណ្ឌល ស្មើនឹង៤១បន្ទប់ គឺមណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងត្បូង និងមណ្ឌលអនុវិទ្យាល័យព្រែកស្តី មានបេក្ខជន១០១២នាក់ ក្នុងនោះស្រី៣១៧នាក់។
ក្នុងចំណោមនោះដែរ បេក្ខភាពជាព្រះសង្ឃ២១០អង្គ ដែលមកពីវិទ្យាល័យឈើតុំ វិទ្យាល័យ១០មករា និងបេក្ខជនស្វ័យរិន និងបំពេញញវិជ្ជា។ លោកប្រធានមន្ទីរបន្ដថា បើប្រៀបធៀបឆ្នាំសិក្សា២០១៥-២០១៦ ឆ្នាំនេះកើនបាន១មណ្ឌល ស្មើនឹង១៦បន្ទប់ និងបេក្ខជន៣៧១នាក់ ក្នុងនោះស្រី១១២នាក់។ មុខវិជ្ជាដែលត្រូវប្រឡងផ្នែកវិទ្យាសាស្ត្រ រួមមាន៖ ប្រវត្តិវិទ្យា ជីវៈវិទ្យា គីមីវិទ្យា ភាសារបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិត្យា។ ដោយឡែកផ្នែកវិទ្យាសាស្ត្រសង្គម រួមមាន៖ បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិទ្យា និងអក្សរសាស្ត្រខ្មែរ។
លោក អ៊ឹម កុច និងលោកស្រី ជុក សុផានី បានជម្រាបទៅដល់បេក្ខជន និងបេក្ខនារីថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា តែងតែដាក់បទប្បញ្ញត្តិទូទៅ នៅក្នុងថ្ងៃប្រឡង គឺហាមយកនូវអាវុធជាតិផ្ទុះ សៀវភៅសំណេរ ទូរស័ព្ទនិងឯកសារផ្សេងៗ ចូលក្នុងបន្ទប់ប្រឡង។ ជាមួយគ្នានោះ ក៏មានការរឹតបណ្តឹងពីសំណាក់ក្រុមការងារ មកពីអង្គភាពប្រឆាំងអំពើរពុករលួយ(ACU) និងក្រុមអ្នកសង្កេតការណ៍មកពីសហភាពសហពន័្ធយុវជនខេត្ត ជាពិសេសកងកម្លាំងរក្សាសន្តិសុខ សណ្តាប់យ៉ាងម៉ឺងម៉ាត់។
ថ្នាក់ដឹកនាំទាំងពីរ បានបន្តថា វិធានការដ៏តឹងរឹងនេះ គឺសំដៅឲ្យបេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងនិងសិក្សាស្វែងយល់ ដោយខ្លួនឯង កាលណាខិតខំរៀនសូត្រ ធ្វើឲ្យរូបយើងមានសមត្ថភាពប្រឡងជាប់ បើមិនខិតខំរៀនពិតជាប្រឡងធ្លាក់ពីព្រោះសង្គម សព្វថ្ងៃទាមទាគុណភាព ឯបរិមាណមិនទាមទាឡើយ ពោលគឺយកតែធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើស្របទៅតាម បច្ចេកវិទ្យាសាស្ត្រទំនើប ទាំងក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។
ថ្នាក់ដឹកនាំទាំងពីរ សូមផ្តាំផ្ញើរ និងសង្ឃឹមថា បេក្ខជនប្រឡងទាំងអស់ ពិតជាអនុវត្ត និងបានប្រឡងជាប់ទទួលបានជោគជ័យគ្រប់ៗគ្នា និងនាំមកនូវកិត្តិយសដល់ខ្លួន ដល់ក្រុមគ្រួសារ និងសាលារៀនជាក់ជាមិនខាន៕