​(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការ ប្រឡងមុខវិជ្ជាដំបូងនៅពេលរសៀលនេះ ការប្រឡងមុខវិជ្ជាទី២ ដែលជាមុខវិជ្ជាចុងក្រោយសម្រាប់ ថ្ងៃទី១នេះ បានចាប់ផ្តើមហើយ នៅម៉ោង៤៖០០នាទីរសៀលនេះ។

សម្រាប់មុខវិជ្ជាទី២ នៅពេលរសៀលនេះ គឺត្រូវប្រឡងរយៈពេល៦០នាទី នៅម៉ោង៤៖០០នាទី ដល់ម៉ោង៥៖០០នាទី ទាំងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម សុទ្ធតែត្រូប្រឡងវិញ្ញាសា ភាសាបរទេសដូចគ្នា។   

ក្រសួងអប់រំ បានឲ្យដឹងថា រសៀលថ្ងៃទី១ មានបញ្ហាសុខភាពបេក្ខជនប្រឡងនៅ តាមមណ្ឌលមួយចំនួន អំឡុងពេលប្រឡងក្នុង ដំណើរសំណេរ ដោយមានអាការៈវិលមុខ ខ្យល់គរ ក្អួត ឈឺជើង គ្រុនក្ដៅជាដើម។ ក្នុងនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល បន្ទាប់ពីបានទទួលជំនួយ សង្គ្រោះបឋម ពីក្រុម គ្រូពេទ្យប្រចាំការនៅតាមមណ្ឌល។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕