(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យឧស្សាហករ និងផលិតករក្នុងវិស័យឧស្សាហកម្ម, SME និងវាយនភណ្ឌ សម្លៀកបំពាក់ ចូលរួមទស្សនា និងស្វែងយល់ ពីការតាំងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជា អន្តរជាតិ លើកទី៧ (CIMIF) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជា អន្តរជាតិ លើកទី៧ (CTG)។
ការអំពាវនាវនេះ គឺធ្វើឡើងក្នុងគោលបំណងជំរុញ ធ្វើយ៉ាងណាឲ្យឧស្សាហករ និងផលិតករ ក្នុងវិស័យឧស្សាហកម្ម, សហគ្រាសធុនតូច និងមធ្យម និងវាយនភណ្ឌសម្លៀកបំពាក់ មានឱកាសអាចសិក្សាស្វែងយល់ និងទទួលបាននូវចំណេះដឹងនានា ទាក់ទងនឹងគ្រឿងម៉ាស៊ីន និងបរិក្ខាបច្ចេកទេសទំនើបៗ ជាច្រើនប្រភេទ ដើម្បីយកទៅអភិវឌ្ឍន៍ និងបង្កើនសមត្ថភាព ក្នុងខ្សែសង្វាក់ផលិតកម្ម នៅតាមរោងចក្រ និងសហគ្រាសរបស់ខ្លួន សម្រាប់ការប្រកួតប្រជែងទាំង ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
គួរបញ្ជាក់ថា ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជា អន្តរជាតិ លើកទី៧ (The 7th Cambodia International Machinery Industry Fair - CIMIF) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ លើកទី៧ (The 7th Cambodia International Textile & Garment Industry Exhibition - CTG) នេះគឺជាការរៀបចំរបស់ក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd ក្រោមកិច្ចសហការ និងគាំទ្រពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀត ចាប់ពីថ្ងៃ២៥-២៨ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ។
ការតាំងបង្ហាញនូវផលិតផលឧស្សាហកម្មគ្រឿងយន្ត ដូចជាគ្រឿងម៉ាស៊ីន និងបរិក្ខាបច្ចេកទេសនានា ដែលបម្រើដល់វិស័យឧស្សាហកម្មធុនធ្ងន់ វិស័យសហគ្រាសធុនតូច និងមធ្យម (SME) វិស័យកាត់ដេរ វិស័យសំណង់ វិស្វកម្មអេឡិចត្រូនិក ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបោះពុម្ព វិស័យធនធានទឹក វិស័យកសិកម្ម និងកសិឧស្សាហកម្ម និងការប្រកបអាជីវកម្មផ្សេងៗ ព្រមទាំងការរស់នៅប្រចាំថ្ងៃផងដែរ៕