(ព្រៃវែង)៖ ក្រុមតារាចម្រៀង ក្នុងផលិតកម្ម M មានដូចជា លោក សន វិជ្ជបុត្រ លោក គន់ រៀមរតនៈ ញ្ញា អេណា និងតារាប្រុសស្រីមួយចំនួនទៀត បាននាំគ្នានាំយកអំណោយ មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអីវ និងថវិកា មួយចំនួនទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ស្ថិតក្នុងវត្តធម្មសំមិត្តារាម ភូមិព្រៃផ្ចិត ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី២០ខែសីហា ឆ្នាំ២០១៧នេះ។
លោក សន វិជ្ជបុត្រ ដែលបានដឹកនាំក្រុមតារាទាំងនោះ បានប្រាប់ថា អំណោយទាំងនោះ គឺលោកបានទទួលបានពីសប្បុរសជនទាំង ក្នុងស្រុក និងក្រៅស្រុក មានលោក គីមវុទ្ធី និងលោក ឡេង ផល្លា រស់នៅសហរដ្ឋអាមេរិក និងម្ដាយធម៌ជាអាជីវករ លក់ខោអាវនៅផ្សារអូឡាំពិក។ និយាយដោយមិនលាក់លៀមប្រាក់ ដែលខ្លួនបានយក ទៅជួយដល់អ្នកសិល្បៈ ក៏ដូចជាជនក្រីក្រផ្សេងទៀត លោកសន វិជ្ជបុត្រប្រាប់ថា មិនមែនជាប្រាក់របស់លោកទាំងអស់ឡើយ ភាគច្រើនបានមកពីសប្បុរសជនខ្មែរ នៅក្រៅប្រទេស និងសប្បុរសជនក្នុងស្រុក ។
លោកបន្តថា ជាមួយកិច្ចការសប្បុរសធម៌នេះ លោកបានប្ដេជ្ញាថា នៅតែបន្តសកម្មភាពនេះជារៀងរហូត ហើយលោកសូមសន្យា ចំពោះសប្បុរសជនថា មិនកេងចំណេញលើការងារមួយនេះឡើយ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ សម្រាប់តារាចម្រៀងខាងលើ ដែលបានធ្វើអំពើសប្បុរសធម៌នេះ ខណៈដែលកន្លងទៅលោក សន វិជ្ជបុត្រ ធ្លាប់បានបុកអណ្ដូង និងធ្វើផ្ទះជូនជនក្រីក្រជាច្រើនលើកមកហើយ ។ ជាមួយគ្នានោះដែរ លោកតែងតែជួយដល់ជាអ្នកសិល្បៈដូចជា ដូចជាស្វែងមូលនិធិជួយ ដល់អ្នកនាង ស្វែង សុជាតា តារាចម្រៀង រិនសាវ៉េត និងចែកអំណោយ ដល់តារាចម្រៀងជនពិការច្រៀងតាមផ្លូវជាដើម។
ប្រជាពលរដ្ឋក្រីក្រ ចំនួន២៥គ្រួសារ ដែលត្រូវបានរៀបចំឈ្មោះជាស្រេចនោះ ទទួលបាន១គ្រួសា មានដូចជា មី១កេះ ទឹកស្រី១យូ ទឹកស៊ីអ៊ីវ១យូ ត្រីខ១យូ អង្ករ១បេ និងថវិកាមួយចំនួន។ ចំណែកក្មេងៗក៏ដូចជាលោកតាលោកយាយ ដែលបានអញ្ជើញមកវត្តជាង១០០នាក់ ក៏ទទួលបានដូចគ្នា មានសម្លៀកបំពាក់ ទឹកសម្រង់ភេសជ្ជៈ និងថវិកាមួយចំនួន៕