(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលស្រូវពូជ ដោយឥតគិតថ្លៃ ក្រោមកម្មវិធីបង្កើនប្រព័ន្ធ ស្បៀងបម្រុងទុកកម្ពុជា សម្រាប់យកទៅបង្កបង្កើនផលឡើងវិញ។ ពិធីចែកស្រូវពូជ ជូនប្រជាពលរដ្ឋនេះស្ថិតក្រោមវត្តមាន លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ព្រមទាំងមន្ត្រីរាជការ និងអាជ្ញាធរភូមិ ឃុំជាច្រើនរូបទៀត នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។
លោក ជា គឹមសេង បានឱ្យដឹងថា បន្ទាប់ពីគ្រោះទឹកជំនន់កន្លងមកនេះថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ខេត្ត រួមនិងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងកងទ័ពបានចុះយ៉ាង សស្រាក់សស្រាំជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ស្វែងរកទីទួលសុវត្ថិភាពដើម្បីជម្លៀស ប្រជាពលរដ្ឋការពារកុំ ឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង មិនតែប៉ុណ្ណោះអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានចុះជាប់ជាប្រចាំដើម្បីដឹកនាំ កម្លាំងសមត្ថកិច្ច និងគ្រឿងចក្រកាយបង្ហូររំដោះទឹកចេញការពារកុំ ឱ្យលិចផ្ទះសំបែងផល ដំណាំប្រជាពលរដ្ឋ ក្រោយទឹកជំនន់ហើយបានរួមគ្នា ចុះកសាងស្តារ និងជួសជុលឡើងវិញនូវស្ពាន ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀតដែលរងការខូចខាតដោយទឹកជំនន់សម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់ឡើងវិញ។
លោក ជា គឹមសេង បានបន្តថា ថ្ងៃនេះមន្ទីរកសិកម្មខេត្ត បានចែកពូជស្រូវជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់សម្រាប់ បងប្អូនយកទៅបង្ក បង្កើនផលឡើងវិញទាំងនេះ គឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្របគ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនាឡើយ។
លោក ពឹង ទ្រីដា បានឱ្យដឹងថា ស្រូវពូជដែលយកមកចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺក្រោមកម្មវិធីបង្កើនប្រពន្ធ័ស្បៀងបម្រុងកម្ពុជា ហើយយកមកចែកជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់កន្លងមកនៅស្រុកជាំក្សាន្តកន្លងមក ក្នុងមួយគ្រួសារ ទទួលបានស្រូវពូជ២៥គីឡូក្រាម។
លោកប្រធានមន្ទីរ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ក្រោយពីបានទទួលស្រូវពូជហើយសូមប្រញាប់ យកទៅសាបព្រួសចៀសវាង ទុកយូរនាំ ឱ្យខូចខាតឥតប្រយោជន៍ ហើយចំពោះប្រជាពលរដ្ឋដែលរងគ្រោះមិនទាន់ទទួលបានស្រូវពូជ សូមធ្វើការទាក់ទងជាមួយ អាជ្ញាធរភូមិ ឃុំ ស្រុក មន្ទីរកសិកម្ម និងយកស្រូវពូជយកមកប្រគល់ជូនបន្ត៕