(ភ្នំពេញ)៖ ដោយគោរពតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែសីហាម្សិលមិញនេះ ក្នុងពិធីជួបសំណេះសំណាលកម្មករ-កម្មការិនីជាង៤ពាន់នាក់ ដែលសម្ដេចប្រកាសថា និយោជកនឹងទទួលខុសត្រូវ ថ្លៃសេវាគាំពារសុខភាពកម្មករនោះ, នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវឲ្យកម្មករ-កម្មការិនីទៅទទួល សេវាសុខាភិបាល ដែលនៅជិតរោងចក្របំផុត ហើយមន្រ្តីសុខាភិបាលបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបម្រើជូនបងប្អូនកម្មករ-កម្មការិនី។
ក្រៅពីការអំពាវនាវនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានអះអាងថា «មន្ដ្រីសុខាភិបាល ដែលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាំបម្រើសេវាជូនបងប្អូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋទូទៅ»។
ជាមួយគ្នានេះរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកឡើងថា អ្វីៗទាំងអស់នោះសុទ្ធសឹងតែកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកំពុងតែធ្វើឲ្យជីវភាពរបស់កម្មករ កម្មការិនី កាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។
នៅក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង៤ពាន់នាក់នៅព្រឹក ថ្ងៃអាទិត្យ ទី២០ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ ម្ចាស់ក្រុមហ៊ុន ត្រូវទទួលខុសត្រូវបង់ថ្លៃសេវាគាំពារ សុខភាពកម្មករ១០០ភាគរយ ហើយចាប់ពីឆ្នាំ២០១៩ទៅ កម្មករ-កម្មការិនី នឹងទទួលបានប្រាក់ចូលនិវត្តន៍ ដូចមន្រ្តីរាជការផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការដែលឱ្យម្ចាស់ក្រុមហ៊ុនបង់ថ្លៃ សេវាគាំពារសុខភាពជូនកម្មករ កម្មការិនី នឹងធ្វើឲ្យកម្មករ កម្មការិនី អាចសន្សំប្រាក់ថ្លៃសេវាសុខភាពបានយ៉ាងតិច ៨ពាន់រៀល ទៅ១ម៊ឺន២ពាន់រៀល។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ប្រឹងប្រែងធ្វើការងារឱ្យបានល្អប្រសើរ។
គិតត្រឹមឆ្នាំ២០១៧នេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បានកើនដល់ ១,១០៧ គ្រឹះស្ថាន ខណៈដែលមានកម្មករនិយោជិតកើន ឡើងជាង៧៤ម៉ឺន នាក់ ក្នុងនោះវិស័យនេះ បានផ្តល់ប្រាក់ឈ្នួលប្រមាណជិត២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និង ផ្តល់ការងារដោយប្រយោលប្រមាណ ជាង៣លាននាក់។ នេះបើតាមការប្រកាសរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងទៅ៕