(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងដោយលោក ហ៊ុយ សារ៉ុន អភិបាលរងខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ចុះរុះរើរបង ដែលអាជ្ញាធរអះអាងថា ប្រជាពលរដ្ឋបានសង់របង លើដីគម្រោងអភិវឌ្ឍន៍។
ក្រៅពីចុះរុះរើរបង របស់ប្រជាពលរដ្ឋហើយនោះ អាជ្ញាធរក៏បានប្រើប្រាស់គ្រឿងចក្រ ចាក់ដី ដើម្បីស្ថាបនាផ្លូវមួយខ្សែស្របផ្លូវជាតិលេខ៦A ដែលមានចំងាយពីអក្ស័១០០ម៉ែត្រ (ដី១០០ម៉ែត្រចេញពីអ័ក្ស ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ) ក្នុងតំបន់អភិវឌ្ឍន៍ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការស្ថាបនាប្រព័ន្ធលូបង្ហូរទឹក ការពារការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែការចាក់ដីស្ថាបនាផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋ ចាត់ទុកថា បានរំលោភដីកម្មសិទ្ធិរបស់គាត់វិញ។
អាជ្ញាធរខណ្ឌជ្រោយចង្វារ បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានធ្វើរបងថ្ម រំលោភលើដីគម្រោងអភិវឌ្ឍន៍នេះ មានឈ្មោះ លី សុវណ្ណរតនា ដោយអាជ្ញាធរបានជូនដំណឹង ដល់គាត់ជាច្រើនលើកច្រើនសាររួចហើយ ក៏បុគ្គលរូបនេះ មិនព្រមអនុវត្តតាមឡើយ បើទោះបីខ្លួនបានចុះហត្ថលេខាទទួលស្គាល់ ថាពិតជាបានសង់រំលោភដី គម្រោងអភិវឌ្ឍន៍រួចហើយក៏ដោយ។
អាជ្ញាធរខណ្ឌជ្រោយចង្វារ បានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែថ្មីស្របអ័ក្សផ្លូវជាតិលេខ៦នេះ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានសារសំខាន់ណាស់ សម្រាប់ប្រជាជន ដែលរស់នៅជាប់តំបន់អភិវឌ្ឍន៍នេះ ដើម្បីសម្រួលដល់ធ្វើដំណើរផង និងដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹក ការពារការលិចលង់ពេលមានភ្លៀងធ្លាក់។
សូមជម្រាបថា បន្ទាប់ពីទទួលបានសិទ្ធិ ក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងរណបជ្រោយចង្វារ ពីសាលារាជធានីភ្នំពេញ នៅឆ្នាំ២០១១រួចមក គម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើបមួយនេះ កំពុងដំណើរការទៅមុខយ៉ាងរលូន ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋបញ្ចប់ស្ទើរទាំងស្រុង។
បច្ចុប្បន្នក្រុមហ៊ុន បាននឹងកំពុងខិតខំសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ដែលបង្ហាញពីភាពខុសប្លែក និងអភិវឌ្ឍន៍នៅតំបន់ដ៏មានសក្តានុពលមួយនេះ ជាមួយការដោះស្រាយជាមួយប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ៕