សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យ៣ពាន់ដុល្លារ ក្នុងពិធីបុណ្យផ្កាសាមគ្គីទ្រទ្រង់ សកម្មភាពសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ នៅវត្តឧណ្ណាលោម
21-08-2017 13:28
(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលបច្ច័យចំនួន ៣០០០ដុល្លារអាមេរិក ក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បី ទ្រទ្រង់សកម្មភាពសមាគមទ្រទ្រង់ ការបោះពុម្ព និងអប់រំ នៅវត្តឧណ្ណលោម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ច័យបុណ្យនេះ បាននាំយកមកប្រគេនដោយ លោក សំ វណ្ណារ៉ា នៅក្នុងពិធីបុណ្យ ដែលប្រព្រឹត្តទៅនៅវិហារ វត្តឧណ្ណាឡោម រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ ក្រោមគំនិតផ្ដួចផ្ដើម របស់សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង ព្រះសង្ឃនាយករងទី២ នៃកម្ពុជា និងលោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា។
សូមបញ្ជាក់ថា សមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ ដែលដឹកនាំដោយ ព្រះមហា ហង្ស ច័ន្ទបូរី ព្រះមហា យឿន សុខនឿន និងព្រះមហា ពៅ ខ្លឹម បានចូលរួមធ្វើសកម្មភាព ផ្ដោតសំខាន់ទៅលើការបោះពុម្ពផ្សាយ និងការអប់រំ សីលធម៌សង្គម នៅតាមសហគមន៍នានា តាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាដើម៕