(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលតំណាងឲ្យក្រុមកម្មករកម្មការិនី និងនិយោជិតជាង៧០ម៉ឺននាក់ នៅទូទាំងប្រទេស បានចេញមុខ ប្រកាសគាំទ្រពេញទំហឹង ចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានលើកឡើងថា និយោជកនឹងទទួលខុសត្រូវថ្លៃសេវាគាំពារសុខភាពកម្មករ, កម្មករនឹងទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការ និងជិះរថយន្តក្រុង Free ២ឆ្នាំ ដែលនេះជាកាដូធំៗចំនួន៣ ដែលមេដឹកនាំ បានផ្តល់ជូនក្រុមកម្មករ។
លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ បានលើកឡើងថា យើងខ្ញុំទាំងអស់គ្នា ជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលមានសហភាពចំនួន១០ សហព័ន្ធសហជីពចំនួន៧៣ អង្គការចំនួន២ និងសមាគមចំនួន៤ តំណាងឲ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា សូមសម្តែងនូវភាពរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានជួយដោះស្រាយផ្តល់ផលប្រយោជន៍ធំៗចំនួន៣ ជូនក្រុមកម្មករ និយោជិតនៅទូទាំងប្រទេស។
គួររំលឹកថា ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង៤ពាន់នាក់នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ ម្ចាស់ក្រុមហ៊ុន ត្រូវទទួលខុសត្រូវបង់ថ្លៃសេវាគាំពារសុខភាពកម្មករ ១០០ភាគរយ ហើយចាប់ពីឆ្នាំ២០១៩ទៅ កម្មករ-កម្មការិនី នឹងទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការដែលឱ្យម្ចាស់ក្រុមហ៊ុនបង់ថ្លៃសេវាគាំពារសុខភាពជូនកម្មករ កម្មការិនី នឹងធ្វើឲ្យកម្មករ កម្មការិនី អាចសន្សំប្រាក់ថ្លៃសេវាសុខភាពបានយ៉ាងតិច ៨ពាន់រៀល ទៅ១ម៊ឺន២ពាន់រៀល។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ប្រឹងប្រែងធ្វើការងារឱ្យបានល្អប្រសើរ។
គិតត្រឹមឆ្នាំ២០១៧នេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បានកើនដល់ ១,១០៧ គ្រឹះស្ថាន ខណៈដែលមានកម្មករនិយោជិតកើនឡើងជាង៧៤ម៉ឺន នាក់ ក្នុងនោះវិស័យនេះ បានផ្តល់ប្រាក់ឈ្នួលប្រមាណជិត២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងផ្តល់ការងារដោយប្រយោលប្រមាណជាង៣លាននាក់។ នេះបើតាមការប្រកាសរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងទៅ។
បើតាមការគណនារបស់ លោក សោម អូន ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា បានឲ្យដឹងថា ក្នុង១ឆ្នាំៗ កម្មករនិយោជិតនឹងចំណេញប្រាក់ ២៧លានដុល្លារអាមេរិក ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តម្រូវឲ្យថៅកែរោងចក្រ ជាអ្នកទទួលខុសត្រូវ បង់ថ្លៃសេវាគាំពារសុខភាព ជំនួសកម្មករនិយោជិត។
លោក សោម អូន ពន្យល់ថា នៅប្រទេសកម្ពុជាកម្មករនិយោជិត មានប្រមាណ៧៥ម៉ឺននាក់ ក្នុងនោះការបង់ថ្លៃសេវាគាំពារសុខភាព ក្នុងកម្មករម្នាក់ៗ អាចនឹងត្រូវចំណាយជាមធ្យមក្នុង១ខែ១២០០០រៀល (៣ដុល្លារ) ដូច្នេះក្នុងមួយខែសរុបកម្មករ៧៥ម៉ឺននាក់ ចំណាយប្រាក់ ២,២៥០,០០០ដុល្លារ ហើយបើគិតពេញមួយឆ្នាំ គឺចំណាយ២៧លានដុល្លារឯណោះ។ ប៉ុន្តែនៅពេលដែលសម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យថៅកែរោងចក្របង់ថ្លៃសេវាគាំពារសុខភាពជំនួស គឺពួកគាត់ចំណេញ២,២៥០,០០០ដុល្លារក្នុង១ខែ ឬចំណេញ ២៧លានដុល្លារក្នុង១ឆ្នាំ៕