(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួននៅវេលាថ្ងៃត្រង់នេះ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។
ក្រសួងបានបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលប្រឡងគណៈកម្មការអនុរក្ស អ្នកសង្កេតការណ៍ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែក បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ។
ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១នេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា)។ មានបេក្ខជនប្រឡងសរុបចំនួន ១០១ ៤១០ នាក់ (ស្រី ៥០ ០៤៩ នាក់) អវត្តមានសរុបចំនួន១ ៤៤៣ នាក់ ស្រី ៥៦៥នាក់។
ក្រសួងអប់រំបានបញ្ជាក់ទៀតថា បេក្ខជនប្រព្រឹត្តកំហុសឆ្គងត្រូវបានរៀបចំកំណត់ហេតុពិសេសចំនួន០២ករណី ដោយឡែកមានបេក្ខជន មានបញ្ហាសុខភាពចំនួន ១០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ។ មណ្ឌលមួយចំនួននៅខេត្តកោះកុង និងព្រះសីហនុមានភ្លៀងធ្លាក់ ប៉ុន្ដែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ៕