(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភាភាគច្រើន នៅថ្ងៃចន្ទនេះ បានបោះឆ្នោតមិនគាំទ្រចំពោះបេក្ខភាព លោកស្រី គុណ លំអង ភរិយារបស់ លោក ហុង សុខហួរ ជាសមាជិកគណៈកម្មការទី១០ព្រឹទ្ធសភានោះទេ។
ការបោះឆ្នោតនេះ បានធ្វើឡើង ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក នៃ ប៉េណា ប្រធានស្តីទីនៃព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន៥១រូប។
តាមការប្រកាសរបស់ព្រឹទ្ធសភា អំពីលទ្ធផលនៃកិច្ចប្រជុំនេះ បានឱ្យដឹងថា លោកស្រី គុណ លំអង ទទួលបានការបោះឆ្នោតគាំទ្រឱ្យធ្វើជា សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា ត្រឹម១៨សំឡេងប៉ុណ្ណោះ ខណៈដែលលោកស្រីទទួលបានសំឡេងមិនគាំទ្រ រហូតដល់២៣សំឡេង ដែលជាសំឡេងតំណាងឱ្យ មតិភាគច្រើនដាច់ខាត។ ហេតុនេះ លោកស្រី គុណ លំអង ពុំត្រូវបានជាប់ឆ្នោតជាសមាជិកគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ(គណៈកម្មការទី១០ព្រឹទ្ធសភា)ឡើយ។
សូមបញ្ជាក់ថា លោកស្រី គុណ លំអង ភរិយាលោក ហុង សុខហួរ កូតាមកពីគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) ត្រូវបានព្រឹទ្ធសភា ទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាជំនួសប្តីរបស់លោកស្រី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ លោកស្រី គុណ លំអង ត្រូវបានគណបក្សភ្លើងទៀន ស្នើដាក់ជាបេក្ខភាពសមាជិកព្រឹទ្ធ ដើម្បីជំនួសតំណែង លោក ហុង សុខហួរ ដែលបានលាលែងពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០១៧៕