(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសកែសម្រួលលើប្រការ២ និងប្រការ៦ ដែលដាក់ឲ្យប្រើប្រាស់ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ស្ដីពី «នីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំសង្កាត់ ដោយអាជ្ញាធរឃុំសង្កាត់ ជូនប្រជាពលរដ្ឋសម្រាប់ គោលដៅ នៃការចុះឈ្មោះបោះឆ្នោត»។ នេះបើយោងតាមសេចក្ដីសម្រេចរបស់សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា សេចក្ដីប្រកាសស្ដីពីនីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ពីទីលំនៅ ក្នុងឃុំ-សង្កាត់ ដោយអាជ្ញាធរឃុំសង្កាត់ជូនប្រជាពលរដ្ឋ សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោត របស់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងប្រការ២ បានចែងថា «លំនៅឋាន គឺជាកន្លែងដែលជាទីតាំងនៃជីវភាពរស់នៅ របស់បុគ្គលម្នាក់ ក្នុងករណីដែលកន្លែងដែលជាទីតាំង នៃជីវភាពរស់នៅមិនច្បាស់លាស់ទេ ទីសំណាក់ត្រូវបានចាត់ទុកថា ជាលំនៅឋាន។ ទីសំណាក់សម្ដៅលើទីស្ថាន ដែលបុគ្គលម្នាក់ស្នាក់អាស្រ័យនៅ ឬអាស្រ័យនៅជាក់ស្ដែង ក្នុងរយៈពេលជាកំណត់ណាមួយ»។ ដោយឡែក ប្រការ២ថ្មី នៃសេចក្ដីប្រកាសកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ បានចែងថា «លំនៅឋាន គឺជាកន្លែងដែលជាទីតាំងនៃជីវភាពរស់នៅ របស់បុគ្គលម្នាក់ ក្នុងករណីដែលកន្លែងដែលជាទីតាំង នៃជីវភាពរស់នៅមិនច្បាស់លាស់ទេ ទីសំណាក់ត្រូវបានចាត់ទុកថា ជាលំនៅឋាន។ ទីសំណាក់សម្ដៅលើទីស្ថាន ដែលបុគ្គលម្នាក់ស្នាក់អាស្រ័យនៅ ឬអាស្រ័យនៅជាក់ស្ដែង ក្នុងរយៈពេលជាកំណត់ណាមួយ។ ការស្នាក់អាស្រ័យនៅ ឬអាស្រ័យនៅស្ថិតនៅក្រោមលក្ខខណ្ឌនៃប្រកាសនេះ ត្រូវបានកំណត់រយៈពេលយ៉ាងតិច ៣០ថ្ងៃ ត្រូវចុះបញ្ជីស្នាក់នៅបណ្ដោះអាសន្ន (ក៨) និងមានលិខិតអនុញ្ញាតិឲ្យស្នាក់នៅបណ្ដោះអាសន្ន (ក៩) ចេញដោយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសង្កាត់»។
សម្រាប់ប្រការ៦ចាស់ បានចែងថា «ក្នុងពេលទៅបង្ហាញខ្លួនប្រជាពលរដ្ឋខ្មែរ ត្រូវនាំទៅជាមួយនូវអត្តសញ្ញាណប័ណ្ណរបស់សាម៉ីខ្លួន និងសាក្សីមួយរូបដែលមានសិទ្ធិបោះឆ្នោត ដែលនៅក្នុងឃុំសង្កាត់ជាមួយ»។ ដោយឡែកប្រការ៦ថ្មី «ក្នុងពេលទៅបង្ហាញខ្លួនប្រជាពលរដ្ឋខ្មែរ ត្រូវនាំទៅជាមួយនូវអត្តសញ្ញាណប័ណ្ណរបស់សាម៉ីខ្លួន, លិខិតអនុញ្ញាតិ ឲ្យស្នាក់នៅបណ្ដោះអាសន្ន (ក៩) ចេញដោយប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃឃុំសង្កាត់ របស់សាម៉ីខ្លួន និងសាក្សីមួយរូប ដែលមានសិទ្ធិបោះឆ្នោត នៅឃុំសង្កាត់ជាមួយ»។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសរបស់សម្ដេច ស ខេង ខាងក្រោមនេះ៖