(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីសុវត្ថិភាពចំណីអាហារ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយ មន្រ្តីមន្ទីរពិសោធន៍ អមដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្មគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ និងយកគំរូមួយចំនួន៥៩មុខ នៅផ្សារព្រែកឯង ផ្សារចុងព្រែក ចំពុះក្អែក និងផ្សារតាមបណ្តោយផ្លូវបោះអង្កាញ់ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្រ្តីកាំកុងត្រូង កំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ផលិតផលគំរូ ទាំង៥៩គំរូ មានដូចជា៖ បន្លែស្រស់ គ្រឿងសមុទ្រស្រស់ និងផ្លែឈើ ជ្រក់ -ល- មកពិសោធន៍ នៅរថយន្តពិសោធន៍ចល័ត ក្នុងព្រែកឯងតែម្តង។ មន្រ្តីជំនាញ បានចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារព្រែកឯង ផ្សារចុងព្រែក ចំពុះក្អែក និងផ្សារតាមបណ្តោយផ្លូវបោះអង្កាញ់ ដើម្បីរកសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារមួយចំនួន ដែលធ្វើប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់។

ក្នុងប្រតិបត្តិការនេះ មន្រ្តីកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផល ឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ  និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។ មន្រ្តីកាំកុងត្រូល ក៏បានបញ្ជាក់ថា ប្រតិបត្តិការនាំយករថយន្តពិសោធន៍ចល័ត ចុះពិនិត្យទំនិញទាំង៥៩គំរូនោះ គឺមើលឃើញថា គ្មានសារធាតិគីមីហាមឃាត់នោះឡើយ។

មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ទាំងនេះគឺជាការយល់ដឹង របស់បងប្អូនអាជីវករ យើងក៏ដូចជាការយល់ដឹង របស់អ្នកចូលទំនិញពីតាមច្រកទ្វារនានាផងដែរ។ មន្រ្តីកាំកុងត្រូល បានបញ្ជាក់ថា នេះសកម្មភាពរបស់មន្រ្តីជំនាញកាំកុងត្រូលគ្រប់បណ្តាសាខា ក៏ដូចជាតាមបណ្តាច្រកទ្វារអន្តរជាតិនានា នៅទៅទាំងប្រទេស ក្នុងការអនុវត្តការងារដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីការពារនិង ទប់ស្កាត់ឲ្យបាននូវទំនិញខូចគុណភាពទាំងអស់។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល និង ក្រុមកាងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹង អំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្ត្រីកាំកុងត្រូល បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការ លាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់។

មន្រ្តីកាំកុងត្រូល បានបញ្ជាក់ថា ក្នុងការចុះអង្កេតទំនិញខាងលើ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ និងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារ និងហាង និងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕