(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់មួយព្រឹកដំបូង នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បេក្ខជនបានដើរចេញពីមណ្ឌលប្រឡងទាំងទឹកមុខញញឹមញញែម ជាមួយការអះអាងថា ពួកគេធ្វើវិញ្ញាសាបានច្រើន ហើយអ្នកខ្លះធ្វើបានជោគជ័យស្ទើរតែទាំងអស់ថែមទៀតផង ជាមួយនឹងសភាពនៅក្នុងមណ្ឌលប្រឡងមានរបៀបរៀបរយ និងស្ងប់ស្ងាត់ល្អ។
ជាមួយភាពជោគជ័យនៅព្រឹកដំបូងនេះ បេក្ខជនប្រឡងក៏បានគាំទ្រ និងសាទរផងដែរ ចំពោះការធ្វើកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើឲ្យអ្នកប្រឡងបានបង្ហាញសមត្ថភាពពិត ដូចជាពាក្យស្លោករបស់ក្រសួងអប់រំ «អ្នកចេះ គឺជាប់»។
បេក្ខជន អ៊ុន សុវណ្ណចាន់សម្បត្តិ រៀននៅសាលាសុវណ្ណភូមិ សាខាទេពផន បានអះអាងថា «ព្រឹកនេះខ្ញុំប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថាន និងប្រវត្តិវិទ្យា ខ្ញុំធ្វើបានទាំងអស់ ព្រោះខ្ញុំចេះទាំងអស់...។ គិតទៅវាពិបាកដែរ ប៉ុន្ដែសម្រាប់អ្នកមើលមេរៀនគេចេះ នេះតាមការគិតរបស់គេផ្សេង។ នៅក្នុងបន្ទប់គេធ្វើបានច្រើនដូចគ្នា ព្រោះថាក្នុងបន្ទប់ប្រឡង អត់មានការឲ្យយកអីចូលទាំងអស់ សូម្បីតែកាបូបប៊ិចត្រូវដាក់ឆ្ងាយពីខ្លួន ហើយនៅលើតុមានតែប៊ិច និងបន្ទាត់ ហើយសម្រាប់លោកគ្រូ អ្នកគ្រូគាត់ដើរទៅមកទៅមក ដើម្បីពិនិត្យ ហើយខាង ACU ដើរឆ្វេងស្ដាំមើល...ក្នុងបន្ទប់មានការរឹងបន្ដឹងល្អ ហើយខ្ញុំសប្បាយចិត្តនៅពេលមានកំណែទម្រង់ថ្មី ដូចពាក្យថា អ្នកចេះគឺជាប់»។
ស្រដៀងគ្នានេះ បេក្ខនារី សេង សុផារ័ត្ន រៀននៅសាលាឥន្ទរទេវី បានបញ្ជាក់ថា «វិញ្ញាសាអាចធ្វើបានតាមសមត្ថភាពខ្លួនឯង ធ្វើបាន៦០ភាគរយ...ឯកសារផ្សេងៗ មិនអាចយកចូលបាន ធ្វើឲ្យសមត្ថភាពខ្លួនឯង សិស្សមិនអាចលួចមើលគ្នាបាន គឺ ACU នៅប្រចាំការ សូម្បីតែងាកក៏មិនបានដែរ...។ គាំទ្រនូវចំណាត់ការរបស់ក្រសួងអប់រំ ដែលរឹងបន្ដឹងបែបនេះ»។
បេក្ខជនជាព្រះសង្ឃ ព្រះនាមភិក្ខុ ថាវរ៉ា គន្ធចាន់ធា គង់នៅវត្តថាន់ មានសង្ឃដីកាថា «វិញ្ញាសាមិនសូវពិបាកនោះទេ បើប្រៀបធៀបមិនដល់គណិតវិទ្យានោះទេ ធ្វើបានប្រហែលជា៧០ភាគរយ...បរិយាកាសនៅក្នុងបន្ទប់ប្រឡងមិនមានការលួចមើលនោះទេ ថែរក្សាសណ្ដាប់ធ្នាប់បានល្អ ពីព្រោះមានអនុរក្សខាងក្នុងផង ខាងក្រៅផង...។ បើនិយាយពីកំណែទម្រង់គឺល្អ ពីព្រោះកាលណារឹងបន្ដឹង មានន័យថា គុណភាពនៃចំណេះដឹងវាពិត មានន័យថាវាកើតឡើងពិត ហើយចំណេះដឹងវាកើតឡើងពីការរឹងបន្ដឹង»។
បេក្ខជនម្នាក់ទៀត សិន សានមករា អះអាងថា «ប្រឡងព្រឹកនេះផែនដី ខ្ញុំសល់មួយសំនួរ ប៉ុន្ដែបើប្រវត្តិខ្ញុំធ្វើបានទាំងអស់ ដែលភាគច្រើនត្រូវ...។ វិញ្ញាសានេះបើតាមខ្ញុំល្មមអាចធ្វើទៅរួច ក្នុងបន្ទប់ប្រឡងស្ងប់ស្ងាត់ល្អ អត់មានភាពរញែរញ៉ៃអីនោះទេ ខ្ញុំគាំទ្រការធ្វើកំណែទម្រង់ ព្រោះអីធ្វើឲ្យសិស្សបង្កើនចំណេះកាន់តែច្រើន»។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អះអាងថា ការប្រឡងឆ្នាំ២០១៧នេះ ដំណើរការកាន់តែល្អជាងឆ្នាំមុនៗ ខណៈដែលការរឹងបន្ដឹងកាន់តែបន្ថែម។
លោករដ្ឋមន្ដ្រីថ្លែងយ៉ាងដូច្នេះថា «ស្ដង់ដារនៃការរៀបចំប្រឡង គឺដូចឆ្នាំមុនៗដែរ យើងរៀបចំបានល្អប្រសើរ អីចឹងឃើញថា ដំណើរការប្រឡងកាន់តែល្អប្រសើរ ដោយសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា...។ ដូច្នេះយើងឃើញថាឆ្នាំនេះ គឺដំណើរការប្រឡងកាន់តែល្អឡើងៗ»។
ជាមួយគ្នានោះ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ចំពោះបេក្ខជនប្រឡង និងលោកគ្រូ អ្នកគ្រូដែលប្រព្រឹត្តខុស គឺនៅរក្សាទោសដដែល ដូចមានចែកក្នុងច្បាប់ស្ដីពីការអប់រំ, ច្បាប់ប្រឆាំងអំពើពុករលួយ, ក្រមព្រហ្មទណ្ឌ និងបទបញ្ញតិរបស់ក្រសួងអប់រំ ក៏ដូចជាសារាចររបស់រាជរដ្ឋាភិបាល ដូច្នេះការប្រព្រឹត្ដិរបស់អ្នកពាក់ព័ន្ធទាំងអស់ មិនអាចអត់ឱន ឬលើកលែងឲ្យបានឡើយ។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕