(ភ្នំពេញ)៖ បើតាម Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កំពុងដំណើរការនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ មានបេក្ខជន-បេក្ខនារីមួយចំនួន បានជួបបញ្ហាសុខភាពជាបន្តបន្ទាប់ ដូចជា វិលមុខ ខ្យល់គរ ក្អួត ឈឺក្បាលជាដើម និងទទួលបានសេវាជួយសង្គ្រោះភ្លាមៗផងដែរ។
ហេតុការណ៍នេះ កើតឡើងនៅតាមខេត្តចំនួន៥រួមមាន៖ មណ្ឌលវិទ្យាល័យគរុកោសល្យ និងវិក្រឹតការ ខេត្តកណ្ដាល មណ្ឌលអនុវិទ្យាល័យសម្ដេចឪ ខេត្តព្រះសីហនុ មណ្ឌលសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប មណ្ឌលអនុវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ខេត្តព្រៃវែង មណ្ឌលសាលាបឋមសិក្សាគំរូក្រុងខាងជើង ខេត្តកំពង់ឆ្នាំង មណ្ឌលវិទ្យាល័យព្រះសីហនុជើង ខេត្តកំពង់ចាម មណ្ឌលវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង ជាដើម។
ក្រោយពីជួបបញ្ហាទាំងនេះហើយ មានបេក្ខជនខ្លះបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីទទួលបានជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនខ្លះត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រលប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរ ក្រោយពីបានទទួលការព្យាបាល។
បន្ទាប់ដំណើរការប្រឡងសំណេរអស់មួយព្រឹកថ្ងៃទី២១នេះ ការប្រឡងត្រូវបានបញ្ចប់ហើយ នៅម៉ោង១១ព្រឹក និងត្រៀមចាំបន្តប្រឡងសំណេរ ចាប់ពីវេលាម៉ោង ២រសៀលបន្តទៀត។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ មានមណ្ឌលប្រឡងចំនួន ១៧៩មណ្ឌល ស្មើនឹង ៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន ១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕