(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អមដោយលោកស្រី ម៉ៅ ម៉ាល័យ ប្រធានកិត្តិយស សមាគមន៍នារីកម្ពុជាសន្តិភាព ដើម្បីអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ បានបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួនជាង១០០០នាក់ នៅក្នុងបរិវេណវត្តបាលេលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា របស់យើងទាំងអស់ ទោះនៅទីណាក៏ដោយ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា ដើម្បីបក្ស និងដើម្បីការពារ សុខសន្តិភាព ស្ថិរភាព ដែលមានដូចសព្វថ្ងៃនេះ ឲ្យគង់វង្ស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាខំប្រឹងប្រែងខ្លាំងណាស់ ដៃម្ខាងដឹកនាំកសាងប្រទេសជាតិ យើងកាន់តែសំបូរសប្បាយដូចសព្វថ្ងៃនេះ ដៃម្ខាងការពារសុខសន្តិភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋរស់នៅ ដោយសុខសាន្តនិងមានសិទ្ធិស្មើភាពគ្នា ចំពោះមុខច្បាប់ដោយមិនប្រកាន់ពូជសាសន៍និងពណ៌សម្បុរអ្វីឡើយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជន ថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិតប្រជាពលរដ្ឋទាំងអស់ នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបានសំណូមពរ ឲ្យអ្នកបោះឆ្នោតទាំងអស់បន្តគាំទ្របោះឆ្នោត ជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ ដើម្បីបន្តធ្វើការអភិវឌ្ឍន៍ភូមិ ឃុំ -សង្កាត់ ឲ្យរឹតតែរីកចម្រើនជីវភាពប្រជាពលរដ្ឋកាន់តែធូរធារទាំងអស់គ្នា។
ជាមួយវប្បធម៌ចែករំលែក និងការគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋអ្នកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវ អំណោយជាទ្រនាប់ដៃ រួមមាន៖១៖ សមាជិក សមាជិកា ចំនួនជាង ១០០០នាក់ នូវសារ៉ុងម្នាក់១ និង ថវិកាជូនដល់, ២៖ សាខាបក្សភូមិក្បាលកោះ១លានរៀល, ៣៖ ជូនសាលាបឋមសិក្សាវត្តបាលេលេយ្យ ១លានរៀល, ៤៖ ជនពិការ៣០នាក់ ម្នាក់ៗទទួលបានសារ៉ុង ១ ថវិកា២០,០០០រៀល, ៥៖ ប្រគេនបច្ច័យកសាងវត្តបាលេលេយ្យ១លានរៀល៕