(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២១ ខែសីហានេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានអះអាងថា នៅព្រឹកថ្ងៃទី០១នេះ ស្ទើរតែគ្មានការនាំចូលនូវសំណៅឯកសារ និងសម្ភារៈហាមឃាត់ មកជាប់ខ្លួនរបស់បេក្ខជន។
ក្រសួងអប់រំបានសរសេរ លើក Facebook របស់ខ្លួនយ៉ាងដូច្នេះថា «នាព្រឹកថ្ងៃទី០១ នៃការប្រឡង ស្ទើរតែគ្មានការនាំចូលនូវ សំណៅឯកសារ និងសម្ភារៈហាមឃាត់ មកជាប់ខ្លួនរបស់បេក្ខជន»។
តែទោះជាយ៉ាងណា ក៏មានប្រមូលយកសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជននៅតាម មណ្ឌលប្រឡងមួយចំនួន ក្នុងដំណើរការវិញ្ញាសាសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដោយគណៈកម្មការអនុរក្ស មន្ត្រីនិងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា មានករណីសំណៅឯកសារ និងសម្ភារៈហាមឃាត់មកជាប់ខ្លួន របស់បេក្ខជនតិចតួចបំផុត។
ជាមួយគ្នានេះ ក្រសួងអប់រំ បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១ នៃដំណើរការមណ្ឌលសំណេរនៃវិញ្ញាសាទី១ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុងនិងក្រៅមណ្ឌលប្រឡង ថ្វីត្បិតនៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ប៉ុន្តែដំណើរការប្រឡងបានប្រព្រឹត្តទៅ តាមពេលវេលាដែលបានកំណត់ ។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕