(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់វិញ្ញាសាប្រឡងទី១២ នៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ជាមួយគ្នានោះ លោក ប៉ែន កុសល្យ អភិបាលរងខេត្ត និងអភិបាលរងខេត្ត៥រូបទៀត ក៏បានអញ្ជើញកាត់វិញ្ញាសារ តាមមណ្ឌលប្រលងផ្សេងៗគ្នាផងដែរ។
លោក លី ឡេង បានថ្លែងថា បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ។
លោក លី ឡេង បានបន្តថា ការខិតខំប្រឹងប្រែងរបស់ប្អូនៗ ក្មួយៗ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង។ ដូចនេះត្រូវខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីឲ្យលទ្ធផលប្រឡងរបស់ប្អូនៗ ក្មួយៗ ទទួលបានលទ្ធផលល្អប្រសើរ និងក្លាយខ្លួនទៅជាទំពាំងស្នងឬស្សី និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវប្រឡង ត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្គ្នាសា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស់វិញ្ញាសា និងឧបករណ៍អេឡិចត្រូនិចមិនត្រូវយកចូល ក្នុងបន្ទប់ប្រឡងបានឡើយ។ ក៏បានអំពាវនាវឲ្យ លោកគ្រូ-អ្នកគ្រូ មេត្ដាយកចិត្តទុកដាក់ គោរពនូវបទបញ្ញាត្ដិ និងសូមជូនពរ លោកគ្រូ-អ្នកគ្រូ ក៏ដូចជាបេក្ខជនទាំងអស់ សូមដំណើរការប្រឡង ទៅដោយរលូន ទទួលបាននូវជោគជ័យគ្រប់ៗគ្នា។
ដោយឡេកលោក ប៉ែន កុសល្យ អភិបាលរងខេត្ត បានអញ្ជើញកាត់វិញ្ញាសារ នៅមណ្ឌលវិទ្យាល័យសម្តេចម៉ែ ក្នុងស្រុកត្បូងឃ្មុំ ព្រមជាមួយគ្នាផងដែរ ដោយលោក បានថ្លែងលើកទឹកចិត្យ ឲ្យប្អូនៗទាំងអស់ ដែលជាបេក្ខជន-បេក្ខនារី ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) កុំឲ្យមានការភ័យខ្លាច ហើយត្រូវតែមានជំនឿជឿជាក់លើខ្លួនឯង និងគោរពទៅតាមបទបញ្ញាត្តិ របស់ក្រសួងអប់រំ យុវជន និងកីឡា។ឭ និងបានជំរុញ បរក្ខជន បេក្ខនារីទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយអ្នកដែលបានពិន្ទុល្អជាងគេ និទ្ទេសល្អនោះ នឹងទទួលបានអាហារូបករណ៍ តាមបណ្តាសកលវិទ្យាល័យនានា ដែលជាការផ្តល់អទិភាពនូវការបន្តការសិក្សានូវថ្នាក់បរិញ្ញាប័ត្រផងដែរ ។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ហើយប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។
សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ មានចំនួនសរុប ១០៣,១១២នាក់ ដោយឡែកខេត្តត្បូងឃ្មុំ មានបេក្ខជនសរុប ៣១៥១នាក់ ស្រី១១៦០នាក់ ចែកចេញជា៥មណ្ឌល មាន១២៧បន្ទប់៕