(ព្រះវិហារ)៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលត្រូវនឹងថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញកាត់ និងបើកវិញ្ញាសា នៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ។
ក្នុងនោះក៏មានការចូលរួមពី លោកអភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ប្រធានគណៈមេប្រយោគ ប្រធាន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។
អភិបាលខេត្តព្រះវិហារ បានធ្វើការណែនាំ និងផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូអ្នកគ្រូ ជាគណៈកម្មការបច្ចេកទេស និងអនុរក្ស ព្រមទាំងក្មួយៗសិស្សានុសិស្ស ជាបេក្ខជនទាំងពីរភេទ ដោយបញ្ជាក់ថាការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិត នៃចំណេះដឹងរបស់ក្មួយៗ បានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ហើយក៏ជាការឈានចូលទៅសិក្សា នៅកម្រិតថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យបន្តទៀត។
ម៉្យាងទៀតវិញ្ញាសារប្រឡងដែលក្មួយៗ បានធ្វើការពិនិត្យនាពេលនេះ ក្រសួងអប់រំ ក៏មិនបានធ្វើឲ្យមានបញ្ហាអ្វីចេញទៅក្រៅឡើយ គឺមានតែក្មួយៗទាំងអស់ បានឃើញក្នុងពេលប្រឡងតែប៉ុណ្ណោះ ហើយសូមរក្សានូវវិន័យ គោរពនូវលក្ខន្តិកៈក្នុងពេលប្រឡងឲ្យបានល្អ។
សូមបញ្ជាក់ថា ខេត្តព្រះវិហារ មានសិស្សានុសិស្សដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៦-២០១៧នេះ សរុប១,៤៩៣នាក់ ស្រី៧១១នាក់ ចែកជា០៣មណ្ឌល គឺមណ្ឌលវិទ្យាល័យជាស៊ីមត្បែងមានជ័យ មណ្ឌលអនុវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ និងមណ្ឌលបឋមសិក្សា ត្បែងមានជ័យ ស្ថិតក្នុងក្រុងព្រះវិហារ៕