(កោះកុង)៖ នៅព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៧នេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត បានអញ្ជើញចូលលើកទឹកចិត្តសិស្សានុសិស្សនិងបើកប្រអប់ហិបវិញ្ញាសាដើម្បីផ្តល់ឲ្យគណៈមេប្រយោគត្រៀមឲ្យសិស្សបញ្ចេញសម្ថតិភាព នៅមណ្ឌលប្រឡងវិទ្យាល័យកោះកុង។
លោកស្រី មិថុនា ភូថង បានថ្លែង ទៅកាន់បេក្ខជនដែលត្រៀមលក្ខណៈប្រឡងថា ថ្ងៃនេះគឺថ្ងៃដ៏វិសេសវិសាលរបស់បេក្ខជនគ្រប់ៗគ្នា ដែលត្រូវបញ្ចេញ ឲ្យអស់ពីសម្ថតិភាពដែលបានសិក្សាតាំងថ្នាក់ដំបូងរហូតដល់ថ្នាក់ទី១២ ដូច្នេះចំណេះដឹងដែលប្អូនៗ ខិតខំក្រេបជញ្ជក់ពីលោកគ្រូ អ្នកគ្រូដែលគាត់បង្ហាត់បង្រៀនយើងគឺត្រូវបញ្ចេញឲ្យអស់ព្រោះការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុក) សំខានណាស់សម្រប់ជាផ្លូវប្អូនទៅឆ្ពោះ ទៅរកការបង្កើនធនធានមនុស្សនិងថ្ងៃអនាគត់របស់ប្អូនៗដែរ។
ម៉្យាងទៀតវិញ្ញាសាប្រឡងដែលក្មួយៗ បានធ្វើការពិនិត្យនាពេលនេះ ក្រសួងអប់រំ ក៏មិនបានធ្វើឲ្យមានបញ្ហាអ្វីចេញទៅក្រៅឡើយ គឺមានតែក្មួយៗទាំងអស់ បានឃើញក្នុងពេលប្រឡងតែប៉ុណ្ណោះ ហើយសូមរក្សានូវវិន័យ គោរពនូវលក្ខន្តិកៈក្នុងពេលប្រឡងឲ្យបានល្អ។
យ៉ាងណាមិញអភិបាលខេត្ត ក៏ដូចជាប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ពីការកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ក្នុងការលើកកម្ពស់ គុណភាពវិស័យអប់រំសិក្សា ឲ្យកាន់តែមានប្រសិទ្ធភាពឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយលោកសូមឲ្យ លោកគ្រូ អ្នកគ្រូ ដែលជាអនុរក្ស មេប្រយោគ និងកម្លាំងសន្តិសុខ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងទប់ស្កាត់ឲ្យបាននូវរាល់ការហូរចូល រាល់ការបោះវិញ្ញាសាចេញ និងចូល និងយកចិត្តទុក ដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងរក្សាឲ្យខាងតែ បាននូវសេចក្តីថ្លៃថ្នូរ ដើម្បីទទួលបាននូវធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ នៃការបណ្តុះបណ្តាលនូវធនធានមនុស្ស។
លោកស្រីអភិបាលខេត្ត លើកទឹកចិត្តដល់ប្អូនៗ ណាដែលប្រឡងជាប់និទ្ទេស A និងផ្តល់រង្វាន់លើកទឹកចិត្តនូវថវិកាចំនួន៤លានរៀលផងដែរ។
មិនតែប៉ុណ្ណោះលោកស្រីអភិបាលខេត្តកោះកុង ក៏បានធ្វើការផ្តាំផ្ញើទៅគណៈមេប្រយោគទាំងអស់ ឲ្យអនុវត្តន៍ទៅបទបញ្ជារបស់ថ្នាក់លើដាក់ជូន មិនត្រូវមានការធ្វេសប្រហែសនៅចំណុចណាមួយឡើយ៕