(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២១ ខែសីហានេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានថ្លែងអំណរគុណ ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរដែនដី ដែលបានរៀបចំកន្លែងផ្ញើកង់ ម៉ូតូ ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយមិនគិតប្រាក់។
ក្រសួងអប់រំ ចាត់ទុកថា ការរៀបចំនេះ គឺជាកាយវិការសប្បុរសធម៌ យ៉ាងពិតប្រាដក។
ក្រសួងអប់រំបានសរសេរ លើក Facebook របស់ខ្លួនយ៉ាងដូច្នេះថា « ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរដែនដីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ នូវកាយវិការសប្បុរស ដែលបានជួយរៀបចំថែរក្សា និងមើលការខុសត្រូវនៅកន្លែងផ្ញើកង់ និងម៉ូតូជូនបេក្ខជនដោយឥតគិតថ្លៃ ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២១ សីហា ២០១៧»។
ជាមួយគ្នានេះ ក្រសួងអប់រំ បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១ នៃដំណើរការមណ្ឌលសំណេរនៃវិញ្ញាសាទី១ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុងនិងក្រៅមណ្ឌលប្រឡង ថ្វីត្បិតនៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ប៉ុន្តែដំណើរការប្រឡងបានប្រព្រឹត្តទៅ តាមពេលវេលាដែលបានកំណត់ ។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕