(សៀមរាប)៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ គឺជាថ្ងៃសិស្សានុសិស្សថ្នាក់ទី១២ គ្រប់វិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា ប្រឡងបញ្ចប់នូវមធ្យមសិក្សាទុតិយភូមិ ដើមី្យយកសញ្ញាបត្រមធ្យម ដោយឡែកនៅខេត្តសៀមរាប លោក ឃឹម ប៊ុនសុង អភិបាលខេត្ត អញ្ជើញបើកវិញ្ញាសា នៅមណ្ឌលវិទ្យាល័យ ១០មករា១៩៧៩។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានធ្វើការណែនាំ និងផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូអ្នកគ្រូ ជាគណៈកម្មការបច្ចេកទេស និងអនុរក្ស ព្រមទាំងក្មួយៗសិស្សានុសិស្ស ជាបេក្ខជនទាំងពីរភេទ ដោយបញ្ជាក់ថាការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិត នៃចំណេះដឹងរបស់ក្មួយៗ បានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ហើយក៏ជាការឈានចូលទៅសិក្សា នៅកម្រិតថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យបន្តទៀត។
ម៉្យាងទៀតវិញ្ញាសារប្រឡងដែលក្មួយៗ បានធ្វើការពិនិត្យនាពេលនេះ ក្រសួងអប់រំ ក៏មិនបានធ្វើឲ្យមានបញ្ហាអ្វីចេញទៅក្រៅឡើយ គឺមានតែក្មួយៗទាំងអស់ បានឃើញក្នុងពេលប្រឡងតែប៉ុណ្ណោះ ហើយសូមរក្សានូវវិន័យ គោរពនូវលក្ខន្តិកៈក្នុងពេលប្រឡងឲ្យបានល្អ។
យ៉ាងណាមិញអភិបាលខេត្ត ក៏ដូចជាប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ពីការកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំសិក្សា ឲ្យកាន់តែមានប្រសិទ្ធភាពឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយលោកសូមឲ្យ លោកគ្រូ អ្នកគ្រូ ដែលជាអនុរក្ស មេប្រយោគ និងកម្លាំងសន្តិសុខ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងទប់ស្កាត់ឲ្យបាននូវរាល់ការហូរចូល រាល់ការបោះវិញ្ញាសារចេញ និងចូល និងយកចិត្តទុក ដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងរក្សាឲ្យខាងតែ បាននូវសេចក្តីថ្លៃថ្នូរ ដើម្បីទទួលបាននូវធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ នៃការបណ្តុះបណ្តាលនូវធនធានមនុស្ស។
តាមសេចក្តីរាយការណ៍ របស់ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក សយ ទិត្យាវង្ស បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ឆ្នាំសិក្សា២០១៦-២០១៧នេះ មានសិស្សដាក់ពាក្យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួនសរុប៧,១១៣នាក់ ស្រី៣,៩៦៤នាក់ មានមណ្ឌលប្រឡង ចំនួន១១មណ្ឌល មានបន្ទប់ចំនួន២៨៦បន្ទប់ ក្នុងនោះវិទ្យាសាស្ត្រ ចំនួន៦មណ្ឌលស្មើ១៥១បន្ទប់, វិទ្យាសាស្ត្រសង្គម ៥មណ្ឌល ស្មើ១៣៥បន្ទប់៕