(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ដែលត្រូវនឹងថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) បានអញ្ជើញបើកវិញ្ញសាប្រឡង នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ក្រុងស្ទឹងសែន។
ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានលើកឡើងថា តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា កន្លងមក អង្គភាពប្រឆាំងអំពើពុករលួយ ដែលសហការជាមួយក្រសួង នឹងនៅតែរឹតបន្តឹង ក្នុងការការប្រឡង ដូចឆ្នាំមុនៗ ហើយពិសេស អាចនឹងតឹងជាងឆ្នាំកន្លងមកទៀតផង។
លោកបញ្ជាក់ថា ការវេចខ្ចប់វិញ្ញាសា ទាំងការដឹកជញ្ជូន មានលក្ខណៈតឹងរ៉ឹង និងម៉ត់ចត់ ដែលមានការចូលរួមពី មន្ត្រីក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីមិនឲ្យមានការបែកធ្លាយណាមួយនោះឡើយ ធ្វើឲ្យយន្តការ នៃការប្រឡងបាក់ឌុប គឺមានការច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ជាពិសេសលទ្ធផលអាចទទួលយកបាន គុណភាព នៃការសិក្សានុសិស្សមានការកើនឡើង ភាគរយនៃការប្រឡងជាប់ក៏កើនឡើងផងដែរ។
អភិបាលខេត្តរូបនេះ បន្ថែមថាបេក្ខជនទាំងអស់ពេលមកប្រឡង មិនត្រូវយក សំណឯកសារ ឬទូរស័ព្ទចូលបន្ទប់ប្រឡងឡើយ គឺប្រើបានតែឧបករណ៍ណា ដែលក្រសួងបានអនុញ្ញាតតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត ក្មួយៗជាសិស្សសាលា ត្រូវស្លៀកសំលៀកបំពាក់ឯកសណ្ឋានជាសិស្ស នៅពេលសិក្សា ក៏ដូចជានៅពេលប្រឡងបាក់ឌុបជាដើម។
ក្នុងនោះអាជ្ញាធរខេត្ត បានរៀបចំការផ្ញើកង់ម៉ូតូគ្រប់មណ្ឌលប្រឡងទំាងអស់ មិនឲ្យយកលុយទេ ដោយស្នើសុំកម្លំាងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ មកជួយ ហើយខេត្តនឹងឧបត្ថម្ភរាល់ការចំណាយផ្សេង របស់ក្រុមការងារ។ ទន្ទឹមនឹងនេះដែរ សូមឲ្យក្មួយៗ បន្ទាប់ពីប្រឡងបាក់ឌុបចប់ ត្រូវមានគោលដៅច្បាស់លាស់ និងមានផែនការមុតស្រួច ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួន។
ចុងបញ្ចប់លោក ក៏បានក្រើនរំលឹកឲ្យសិស្សានុសិស្សទាំងអស់ មិនត្រូវជឿការឃោសនារបស់ជនខិលខូចមួយចំនួនតូច ដែលលក់វិញ្ញាសានៅខាងក្រៅ គឺត្រូវជឿជាក់លើខ្លួនឯង ខិតខំធ្វើឲ្យអស់ពីសមត្ថភាព ប្រើឲ្យអស់សក្ដានុពលរបស់ខ្លួន អ្នកចេះ គឺជាប់ ជាពិសេសលោកបានចែករំលែក បទពិសោធន៍ ក្នុងការសិក្សា ដើម្បីទទួលបានលទ្ធផលល្អផងដែរ និងជូនពរឲ្យក្មួៗទាំងអស់ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។
លោក ជូ វុន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ការប្រឡងចែកចេញជាពីរផ្នែក គឺថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចូលរួមប្រឡង សរុបចំនួន៤,២៣៨នាក់ ស្រី២,២២៦នាក់ និងមានមណ្ឌលប្រឡង ចំនួន៩មណ្ឌល ក្នុងនោះមាន មណ្ឌលអនុវិទ្យាល័យថ្នល់បែក, មណ្ឌលបឋមអនុវិទ្យាល័យ ហ៊ុន សែន អាចារ្យលាក់, មណ្ឌលវិទ្យាល័យកំពង់ធំ, មណ្ឌលសាលាគរុកោសល្យខេត្តកំពង់ធំ, មណ្ឌលអនុវិទ្យាល័យដំរីជាន់ខ្លា, មណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក, មណ្ឌលបឋមសិក្សា ហ៊ុន សែន ត្រពំាងវែង, មណ្ឌលវិទ្យាល័យ ស្ទឹងសែន និងមណ្ឌលអនុវិទ្យាល័យ បញ្ញាជី ដែលចែងចេញជា១៧២បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចូលរួមប្រឡង ចំនួន២,១០៥នាក់ ស្រី១,១៣២នាក់ និងមានមណ្ឌលប្រឡង៤មណ្ឌល ចែកចេញជា៨៦បន្ទប់។ ជាមួយគ្នានេះ ក៏មានអ្នកចូលរួមសង្កេតការណ៍ត្រួតពិនិត្យនៅពេលប្រឡង មានចំនួន២០៦នាក់ ដែលមកពី៧ស្ថាប័ន៕