(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិកា កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោក សួន បវរ អភិបាលខេត្ត ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ បានទៅចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសព កុមារា ម៉ាន កក្កដា អាយុ៩ឆ្នាំ រៀនថ្នាក់ទី២ នៅក្នុងភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដែលគ្រោះថ្នាក់ដោយម៉ាស៊ីនច្រូត កិនស្លាប់ពេលកំពុងដើរចាប់ត្រីកណ្ដាលវាលស្រែ។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានសម្តែងនូវសមានទុក្ខ អាណិតអាសូរ និងសោកស្តាយពន់ពេក ជាមួយក្រុមគ្រួសារសព កុមារា ម៉ាន កក្កដា លើករណីគ្រោះថ្នាក់ដ៏អាក្រក់នេះ និងសូមឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធ កុមារា ម៉ាន កក្កដា សូមទៅកាន់សុគតិភព កុំឲ្យអភ័ព្វដូចជាតិនេះទៀត។
ជាមួយនឹងសេចក្តីទុក្ខក្រៀមក្រំនេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានចូលជាបច្ច័យបុណ្យសព ចំនួន២លានរៀល និងលោក សួន បវរ អភិបាលខេត្ត ចូលបុណ្យចំនួន១០០ដុល្លារ និងជូនអំណោយជាសារ៉ុង ដល់គ្រួសារសព និងញាតិជិតខាងអស់ចំនួន៧៥សារ៉ុងផងដែរ។
សូមជម្រាបថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅ មានករណីគ្រោះថ្នាក់មួយបានកើតឡើង ដោយកុមារម្នាក់កំពុងដើរចាប់ត្រី តាមក្រោយម៉ាស៊ីនច្រូតស្រូវ ពេលអ្នកបើកបរបើកថយក្រោយ បណ្តាយឲ្យជាន់ស្លាប់ភ្លាមៗនៅកន្លែង ស្រុកមង្គលបូរី៕