(ភ្នំពេញ)៖ បើតាមការគណនារបស់ លោក សោម អូន ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា បានឲ្យដឹងថា ក្នុង១ឆ្នាំៗ កម្មករនិយោជិតនឹងចំណេញប្រាក់ ២៧លានដុល្លារអាមេរិក ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តម្រូវឲ្យថៅកែរោងចក្រ ជាអ្នកទទួលខុសត្រូវ បង់ថ្លៃសេវាគាំពារសុខភាព ជំនួសកម្មករនិយោជិត។
លោក សោម អូន ពន្យល់ថា នៅប្រទេសកម្ពុជាកម្មករនិយោជិត មានប្រមាណ៧៥ម៉ឺននាក់ ក្នុងនោះការបង់ថ្លៃសេវាគាំពារសុខភាព ក្នុងកម្មករម្នាក់ៗ អាចនឹងត្រូវចំណាយជាមធ្យមក្នុង១ខែ១២០០០រៀល (៣ដុល្លារ) ដូច្នេះក្នុងមួយខែសរុបកម្មករ៧៥ម៉ឺននាក់ ចំណាយប្រាក់ ២,២៥០,០០០ដុល្លារ ហើយបើគិតពេញមួយឆ្នាំ គឺចំណាយ២៧លានដុល្លារឯណោះ។ ប៉ុន្តែនៅពេលដែលសម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យថៅកែរោងចក្របង់ថ្លៃសេវាគាំពារសុខភាពជំនួស គឺពួកគាត់ចំណេញ២,២៥០,០០០ដុល្លារក្នុង១ខែ ឬចំណេញ ២៧លានដុល្លារក្នុង១ឆ្នាំ។
បើតាមមេសហជីពរូបនេះ នៅថ្ងៃទី២០ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្តល់នូវកាដូធំៗចំនួន៣ ជូនកម្មករនិយោជិតជាង៧០ម៉ឺននាក់ នៅកម្ពុជា។
នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករនិយោជិតដែលជាប្រធានក្រុម ប្រធានផ្នែក និងជំនួយការរដ្ឋបាលចំនួនជាង៤០០០នាក់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅសាលមហោស្របកោះពេជ្រ សម្តេចតេជោ បានប្រកាសផ្តល់កាដូធំៗចំនួន៣ ជូនដល់កម្មករនិយោជិតទូទាំងប្រទេស៖
ទី១៖ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កម្មករនិយោជិតត្រូវបានជិះរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញដោយមិនបង់លុយ។
ទី២៖ ចាប់ពីខែ មករា ឆ្នាំ២០១៨តទៅ កម្មករនិយោជិតមិនបាច់បង់ប្រាក់ថ្លៃសេវាគាំពារសុខភាពចំនួន ១.៣ភាគរយទៀតទេ គឺតម្រូវឲ្យថៅកែរោងចក្របង់ជំនួសកម្មករ១០០០%តែម្តង បានន័យថា ថៅកែរោងចក្របង់ចំនួន២.៦%ទៅ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) (បច្ចុប្បន្នកម្មករបង់១.៣% និងថៅកែបង់បន្ថែមឲ្យកម្មករចំនួន១.៣ % សម្រាប់ការថែទាំសុខភាព សម្រាប់កម្មករនិយោជិត ទៅពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យដោយមិនបង់ប្រាក់)។
ទី៣៖ ចាប់ពីឆ្នាំ២០១៩ទៅ កម្មករនិយោជិត នឹងទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការដែលឲ្យម្ចាស់ក្រុមហ៊ុនបង់ថ្លៃសេវាគាំពារសុខភាពជូនកម្មករ កម្មការិនី នឹងធ្វើឲ្យកម្មករ កម្មការិនី អាចសន្សំប្រាក់ថ្លៃសេវាសុខភាពបានយ៉ាងតិច ៨,០០០រៀល ទៅ១២,០០០រៀលក្នុងមួយខែ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ប្រឹងប្រែងធ្វើការងារឲ្យបានល្អប្រសើរ៕