(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះបានប្រកាសថា នៅឆ្នាំ២០១៨ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែងជើងនៅក្នុងប្រទេសកម្ពុជា នឹងមិនតិចជាង១៦០ដុល្លារនោះទេ។
ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ចំនួន៤២៧០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន៖ «នៅឆ្នាំ២០១៨ បៀវត្សរ៍អប្បបរមារបស់កម្មករ មិនត្រូវទាបជាង១៦០ដុល្លារទេ អាហ្នឹងវាជាគោលការណ៍ ហើយនៅមានប្រាក់បំប៉ន ប្រាក់ផ្សេងៗទៀត»។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំដំឡើងប្រាក់ឈ្នួល ដល់កម្មករ និយោជិត ជាបន្តបន្ទាប់។ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត ត្រូវបានដំឡើងពី៤៥ដុល្លារ នៅឆ្នាំ២០០០ រហូតដល់ ១៥៣ដុល្លារ នៅឆ្នាំ២០១៧។
បើតាមលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងដឹកនាំការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និយោជិត សម្រាប់ឆ្នាំ២០១៨។ តាមគោលការណ៍ ប្រាក់ឈ្នួលនេះ នឹងមិនតិចជាង១៦០ដុល្លារ ខណៈដែលប្រាក់បៀវត្សរ៍មន្រ្តីរាជការ នឹងកើនឡើង១លានរៀលដែរ។
សូមជម្រាបថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០១៨ រវាងរាជរដ្ឋាភិបាល តំណាងនិយោជក និងសហជីព បានចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០១៧មកម្ល៉េះ ក្នុងនោះរាជរដ្ឋាភិបាល បានកំណត់ដូចខាងក្រោម៖
* កំណត់យកខែកក្កដា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ
* កំណត់យកខែសីហា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី
* កំណត់យកខែកញ្ញា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី
* កំណត់យកដើមខែតុលា ឆ្នាំ២០១៧ ជាការបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨
* កំណត់យក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទចូលជាធរមាន សម្រាប់ការអនុវត្តគោលនយោបាយប្រាក់ឈ្នួលអប្បបរមា៕