(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ប្រធាន អនុប្រធានមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានដឹកនាំកិច្ចប្រជុំណែនាំ ពីតួនាទីភារកិច្ច បទប្បញ្ញត្តិនានាក្នុងការប្រឡង និងចែកប័ណ្ណសម្គាល់ ដល់គណៈកម្មការកណ្ដាល គណៈកម្មការអប្បមាទ គណៈកម្មការអនុរក្ស និងគណៈកម្មការសន្តិសុខ មណ្ឌលសំណេរ ដោយមានការចូលរួម ពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស មន្ត្រីសង្កេតការណ៍នៃអង្គភាពប្រឆាំង អំពើពុករលួយប្រចាំមណ្ឌល និងអាជ្ញាធរដែនដីទទួលផែនសន្តិសុខនិងសណ្ដាប់ធ្នាប់។
បើតាមក្រសួងអប់រំ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណងណែនាំ អំពីបទប្បញ្ញត្តិនានានៃការប្រឡង ជាពិសេសមិនអនុញ្ញាតឱ្យបេក្ខជន និងគណៈមេប្រយោគប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ នៅក្នុងមណ្ឌលសំណេរ និងដើម្បីធ្វើយ៉ាងណាឱ្យដំណើរកា រសំណេរប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជាសម័យប្រឡង ៖ ២១ សីហា ២០១៧ ខាងមុខនឹងប្រព្រឹត្តទៅដោយ គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ មានបេក្ខជនសរុបចំនួន ១០១,៤១០ នាក់ (ស្រី ៥០,០៤៩ នាក់) ដោយចែកចេញជា ១៧៨ មណ្ឌលសំណេរ ត្រូវជា ៤,០៩៣ បន្ទប់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម៕