(ភ្នំពេញ)៖ មេសហជីពដ៏ធំមួយនៅកម្ពុជា នៅរសៀលថ្ងៃទី២០ ខែសីហានេះ បានចេញមុខ ប្រកាសគាំទ្រពេញទំហឹង ចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងថា និយោជកនឹងទទួលខុសត្រូវថ្លៃសេវាគាំពារសុខភាពកម្មករ និង កម្មករនឹងទទួល បានប្រាក់ចូលនិវត្តន៍ ដូចមន្រ្តីរាជការផងដែរ។
លោក ឡុង សុផាត ប្រធានសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា ដែលមានសហព័ន្ធ៥ចំណុះ តំណាងឱ្យកម្មករជាង១០ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ និងស្បែកជើង នៅប្រទេសកម្ពុជា និងជាប្រធានសហព័ន្ធសហជីព សម្លេងយុវជនខ្មែរ បានឲ្យដឹងថា លោកសូមគាំទ្រពេញទំហឹង ចំពោះប្រសាសន៍ សម្តេចតេជោហ៊ុន សែនដែលបាន លើកឡើងថា «នៅឆ្នាំ២០១៨ និយោជក នឹងទទួលខុសត្រូវថ្លៃសេវាគាំពារ សុខភាពកម្មករ ហើយចាប់ពីឆ្នាំ២០១៩ទៅ កម្មករនឹងទទួល បានប្រាក់ចូលនិវត្តន៍ ដូចមន្រ្តីរាជការដែរ»។
ក្នុងនាមសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា និងក្នុងនាមសហពន្ធ័សហជីពសម្លេងយុជនខ្មែរ ព្រមទាំងសមាជិក សមាជិការទាំងអស់ សូមគោរពថ្លែងអំណរគុណ និង ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ដែលជានិច្ចកាលសម្តេចតែងតែ បានគិតគូរពីសុខទុក្ខជីវភាពរស់នៅ របស់កម្មករនិយោជីតនៅទូទាំងប្រទេសកម្ពុជា និងសូមគោរពជូនពរសម្តេចបន្តដឹក នាំរាជរដ្ឋាភិបាលបន្តទៀត។
គួររំលឹកថា ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង៤ពាន់នាក់នៅព្រឹក ថ្ងៃអាទិត្យ ទី២០ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ ម្ចាស់ក្រុមហ៊ុន ត្រូវទទួលខុសត្រូវបង់ថ្លៃសេវាគាំពារ សុខភាពកម្មករ១០០ភាគរយ ហើយចាប់ពីឆ្នាំ២០១៩ទៅ កម្មករ-កម្មការិនី នឹងទទួលបានប្រាក់ចូលនិវត្តន៍ ដូចមន្រ្តីរាជការផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការដែលឱ្យម្ចាស់ក្រុមហ៊ុនបង់ថ្លៃ សេវាគាំពារសុខភាពជូនកម្មករ កម្មការិនី នឹងធ្វើឲ្យកម្មករ កម្មការិនី អាចសន្សំប្រាក់ថ្លៃសេវាសុខភាពបានយ៉ាងតិច ៨ពាន់រៀល ទៅ១ម៊ឺន២ពាន់រៀល។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ប្រឹងប្រែងធ្វើការងារឱ្យបានល្អប្រសើរ។
គិតត្រឹមឆ្នាំ២០១៧នេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បានកើនដល់ ១,១០៧ គ្រឹះស្ថាន ខណៈដែលមានកម្មករនិយោជិតកើនឡើងជាង៧៤ម៉ឺន នាក់ ក្នុងនោះវិស័យនេះ បានផ្តល់ប្រាក់ឈ្នួលប្រមាណជិត២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និង ផ្តល់ការងារដោយប្រយោលប្រមាណជាង៣លាននាក់។ នេះបើតាមការប្រកាសរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងទៅ៕