(ភ្នំពេញ)៖ ស្រ្ដីមេម៉ាយ និងមានចៅប្រុសម្នាក់នៅក្នុងបន្ទុក ដែលភ្នែកពិការរយៈពេល១៧ឆ្នាំ ដោយសារទឹកអាស៊ីត និងមានជំងឺប្រចាំកាយទៀតផងនោះ នៅពេលនេះកំពុងដង្ហោយរកជំនួយពី សប្បុរសជននានា ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជួយដល់គាត់ផង ព្រោះគាត់គ្មានទីពឹងនោះទេ ខណៈកូនប្រុសម្នាក់ ទៅស៊ីឈ្នួលធ្វើការនៅម៉ាឡេស៊ី និងកូនស្រីម្នាក់ទៀត បាញ់បោកគេបាត់ដំណឹងសូន្យសឹង។
ស្ដ្រីមេម៉ាយវ័យ៤២ឆ្នាំ ឈ្មោះ ណាន វណ្ណា បានប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទទាំងអួលដើមករថា រូបគាត់មានស្រុកកំណើត នៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នទើបតែមកសុំអ្នកស្គាល់ ស្នាក់បន្ទប់ជួលជាមួយគេ នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ស្ដ្រីរូបនេះបានរៀបរាប់ពីដំណើររឿងថា រូបគាត់ធ្លាក់ខ្លួនពិការនៅឆ្នាំ២០០០ ដោយសារត្រូវគេស្រោចទឹកអាស៊ីតលើពេញខ្លួន ហើយក្រោយមកប្ដីរបស់គាត់ ក៏បានស្លាប់ចោលនៅឆ្នាំ២០០២ ចាប់តាំងពីពេលនោះមកគាត់ បានធ្លាក់ខ្លួនឈឺ រហូតយកផ្ទះទៅបញ្ចាំដើម្បីមើលជំងឺ ហើយកូនបានដើរស៊ីឈ្នួលគេ ដើម្បីមើលជំងឺម្ដាយផង និងសង់គេផង។
គាត់បន្ដថា ក្រោយមកកូនប្រុសរបស់គាត់ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីបាត់ ដោយឡែកកូនស្រី ក៏ត្រូវចាញ់បោកគេរហូត មានកូនប្រុសម្នាក់ ដែលទុកឲ្យគាត់មើលថែរាល់ថ្ងៃនេះ។ ស្ដ្រីរូបនេះបន្ថែមថា ក្រោយពីកូនស្រីរបស់គាត់ចាញ់ បោកគេរួចមក កូនស្រីរូបនោះបានរត់ចេញពីគាត់ ដោយបន្សល់ទុកកូនប្រុសម្នាក់ អាយុជិត២ឆ្នាំ ឲ្យគាត់មើលថែទាំងភ្នែកពិការ។
អ្វីដែលគួរឲ្យអាណិតទៀតនោះ ពេលស្នាក់នៅស្រុកកំណើតគាត់មិនមានអ្វីទីពឹងទេ ក្រៅពីបានអ្នកនៅក្បែខាងយកបាយ យកទឹកមកឲ្យហូប ហើយពេលខ្លះមិនអ្វីហូប គាត់បានត្រឹមតែហូបបាយជាមួយអំបិល និងទឹកស៊ីអ៊ីវតែប៉ុណ្ណោះ ប៉ុន្ដែក្រោយមកគាត់ដោយមានការជំរុញ ពីលោកគ្រូពេទ្យម្នាក់ថា ឲ្យគាត់មកស្នាក់នៅភ្នំពេញ ដើម្បីអាចមានលទ្ធភាពឲ្យគ្រូពេទ្យនោះជួយមើលថែ និងផ្ដល់ថ្នាំ។
បច្ចុប្បន្នស្ដ្រីរូបនេះ កំពុងស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ហើយតាមការអះអាងនោះ ចំពោះថ្លៃបន្ទប់ជួលត្រូវបានលោកគ្រូម្នាក់ ជាអ្នកចេញឲ្យរយៈពេល២ខែដំបូង ហើយក្រោយមកចាំដោះស្រាយទៀត ហេតុដូច្នេះហើយ ស្ដ្រីរូបសូមធ្វើការអំពាវនាវដល់សប្បុរសជន ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយដល់គាត់ផង ព្រោះរាល់ថ្ងៃគាត់គ្មានទីពឹងនោះទេ។
ប្រសិនបើសប្បុរសជនណា ដែលមានចិត្តមេត្តាជួយដល់ស្ដ្រីរូបនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០១៥ ៥៩៨ ៨៦៣ ឬ ០៧០ ៦៩១ ៩៣៤៕