(បាត់ដំបង)៖ គណបក្សប្រជាជនកម្ពុជា ស្រុកសង្កែ បានប្រជុំពង្រឹងសកម្មជនបក្ស ដោយធ្វើការណែនាំឲ្យ ធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ សម្រាប់បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៨ ពិសេសសមាជិកបក្ស គឺជាការងារសំខាន់បំផុត សម្រាប់ត្រៀមរៀបចំ ចុះឈ្មោះបោះឆ្នោត សម្រាប់មានឈ្មោះបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តអណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ។
លោក កុល វីរៈ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសង្កែ បានសំណេះសំណាលជាមួយសមាជិកសមាជិការបក្ស ដោយបានរំលឹកនូវកិច្ចការ ដែលយើងបានអនុវត្តកន្លងមក និងប្រាប់ថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន សមាជិកបក្សទាំងអស់ ត្រូវត្រៀមរៀបចំខ្លួន ដើម្បីប្រើយុទ្ធសាស្រ្តថ្មីឲ្យមានប្រសិទ្ធភាព និងត្រូវធ្វើបច្ចុប្បន្នភាពថ្មី ធ្វើយ៉ាងណារកការគាំទ្រ ពីប្រជាពលរដ្ឋឲ្យបានច្រើន ដោយផ្អែកលើសកម្មជន យើងត្រូវធ្វើអំពើល្អឲ្យប្រសើរខ្លាំងជាងមុន ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះឲ្យបានគ្រប់ផ្ទះ ហើយស្វែងយល់បន្ថែមពីកង្វល់ និងសេចក្តីត្រូវការរបស់ពួកគាត់ គ្រប់បែបយ៉ាង ដើម្បីជួយគាត់ទាន់ពេលវេលា និង ទទួលការគាំទ្រពីពួកគាត់ នៅពេលបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តអណត្តិទី៦ ឆ្នាំ២០១៨នាពេលខាងនេះ។
លោក ឡោក ហួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រធានកម្ពុជា ប្រធានក្រុមការងារចុះជួយស្រុកសង្កែ បានរំលឹកអំពីលទ្ធផលការងារបក្ស ដែលបានអនុវត្តកន្លងមក និងជម្រាបជូនដល់សមាជិកសកម្មជនបក្ស មូលដ្ឋានទាំងអស់ អំពីបច្ចេកទេស យុទ្ធសាស្រ្តថ្មី ដែលយើងទាំងអស់គ្នាត្រូវអនុវត្ត ឲ្យបានល្អជាងមុន តាមរយៈការបម្រើសេវាសារធារណៈ ជូនប្រជាពលរដ្ឋ ត្រូវដឹងសុខទុក្ខ ពីជីវភាពរស់នៅ សេចក្តីត្រូវការ ពិសេសពេលពួកគាត់ជួបបញ្ហាអ្វី យើងត្រូវជួយដោះស្រាយរាល់បញ្ហាគ្រប់យ៉ាងឲ្យបានទាន់ពេលវេលា បានទាន់ចិត្តជូនពួកគាត់។
លោក ឡោក ហួរ បានបញ្ជាក់ថា សមាជិក សកម្មជនបក្សយើងទាំងអស់ថា ចាប់ពីពេលនេះ ទៅមន្រ្តីមក្សមូលដ្ឋានយើងត្រូវកែទម្រង់ ចាប់ផ្តើមពីខ្លួនយើង ត្រូវផ្តូរឥរិយាបទ អត្តចរិត មានលក្ខណៈជាអ្នកបម្រើរាស្រ្ត ចាត់ទុករាស្រ្តជាធំ ដើម្បីទទួលបានមកវិញ នូវការគាំទ្រពីពួកគាត់ដោយពេញចិត្ត ពេញថ្លើម ដោយយើងលើកយកពីសមិទ្ធិផល សន្ធឹកសន្ធាប់បានពីការខិតខំប្រឹងប្រែង កសាងនិងអភិវឌ្ឍន៍មូលដ្ឋាលកន្លងមក របស់បក្សប្រជាជនកម្ពុជាយើង គឺពុំមានបក្សប្រឆាំងណា បានមកកសាងអ្វីជូន ប្រជាពលរដ្ឋនោះឡើយ និងបន្តអភិវឌ្ឍន៍មូលដ្ឋានបន្ថែមទៀត ទើបយើងទទួលបានជ័យជម្នះ នៅពេលបោះឆ្នោតទៅថ្ងៃក្រោយ។ ហើយមន្រ្តីបក្សមូលដ្ឋាន យើងមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋទូទៅ មានការថ្នាំងថ្នាក់ ខឹងគំនុំដល់គណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតឲ្យប្រឆាំងនោះឡើយ។
លោកប្រធានបានបន្តថា ស្របពេលរដូវច្រូតកាត់ស្រូវ បានខិតជិតមកដល់ យើងគួរតែបង្កើតសហគមន៍ស្រូវ នៅតាមបណ្តាឃុំនីមួយៗ ដែលជាតំណាងឲ្យប្រជាកសិករ ទូទៅដើម្បីងាយស្រួលក្នុងការទំនាក់ទំនង រវាងក្រុមហ៊ុនប្រមូលទិញ ស្រូវនិងសហគមន៍ ដោយរក្សាតម្លៃស្រូវលក់ នៅក្នុងទីផ្សារ និងរកទីផ្សារស្រូវជូនពួកគាត់ ដើម្បីឲ្យអស់កង្វល់ក្នុងចិត្តរបស់កសិករទូទៅផងដែរ៕