(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តមន្ទាយមានជ័យ បានចូលជាអធិបតីក្នុងពិធីប្រកាសសមាភាពគណកម្មាធិការសាខានិងសាខាបក្សភូមិចំណុះគណកម្មាធិការបក្សឃុំទាំង១៣ មានចំនួន៤១៧សាខាបក្សភូមិ និងមានសមាជិក សមាជិកាគណបក្សប្រជាជនសរុបចំនួន១៤៤៦នាក់ទូទាំងស្រុកមង្គលបុរី នៅក្នុងបរិវេណសាលាចិន(ចុងវ៉ា)ឃុំឫស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានលេីកឡេីងថាយេីងទាំងអស់គ្នាបានមានឱកាសអង្គុយជួបជុំជាមួយគ្នានាពេលនេះបានដោយសារប្រទេសជាតិរបស់យេីងមានសុខសន្តិភាព ស្ថេរភាពនយោបាយពាសពេញប្រទេសក្រោមការថ្នាក់ដឹកនាំដ៏រឹងមាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ចប់សង្រ្គាមរាំរ៉ៃ ក្រោមគោលនយោបាយឈ្នះ ឈ្នះ ដែលបានផ្តល់ឱកាសអោយយើងទាំងអស់គ្នាមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ដែលយើងទាំងអស់គ្នាបានឃើញផ្ទាល់នឹងភ្នែកមានជាអាទ៍ ផ្លូវថ្នល់ជាសសៃឈាមតភ្ជាប់ពីតំបន់ជនបទដាច់ស្រយាល ទៅទីប្រជុំជនសម្រាប់ប្រជាជនធ្វើដំណើរនិងដោះដូរទំនិញ បង្ខិតសាលារៀនមកនៅជិតផ្ទះដើម្បីឱ្យកូនចៅយើងបានរៀនសូត្រយកចំណេះដឹងមកធ្វើការអភិវឌ្ឍន៍គ្រួសារ សហគមន៍មូលដ្ឋានបានរីកចម្រើនកាត់បន្ថយបាននូវភាពក្រីក្រ វិស័យជំនឿសាសនាត្រូវបានបើកទូលាយ ជាដើម។ល។
ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថាសន្តិសុខ សន្តិភាព សុវត្ថិភាពស្ថេរភាពនយោបាយពិតជារឿងសំខាន់ណាស់ព្រោះយើងបានមកដោយសារយកជិវិតទៅប្តូរ ដូចនេះយេីងទាំងអស់គ្នាត្រូវតែរួបរួមគ្នាឯកភាពផ្ទៃក្នុង ប្រកៀកស្មាគ្នាបន្តថែរក្សាការពារឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាយេីងឱ្យបានជាដាច់ខាត ដោយកុំជឿនូវការឃោសនាបោកបញ្ឆោតពីពួកអគតិ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់សម្តេចដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់ដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្ស និស្សិតប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។
ជាមួយវប្បធម៌ចែករំលែក និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋអ្នកមង្គលបុរីខេត្តបន្ទាយមានជ័យ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយជាទ្រនាប់ដៃមាន៖
១៖ សមាជិក សមាជិកាចំនួន១៤៤៦នាក់ ម្នាក់ៗទទួលបានសារ៉ុង១
២៖ ឧបត្ថម្ភសាខាបក្សភូមិទាំង៤១៧ក្នុង១សាខាបក្សភូមិទទួលបានថវិកា២០០.០០០រៀល