(ភ្នំពេញ)៖ ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ៤ពាន់នាក់នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ ម្ចាស់ក្រុមហ៊ុន ត្រូវទទួលខុសត្រូវបង់ថ្លៃសេវាគាំពារសុខភាពកម្មករ ១០០ភាគរយ ហើយចាប់ពីឆ្នាំ២០១៩ទៅ កម្មករ-កម្មការិនី នឹងទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការដែលឲ្យម្ចាស់ក្រុមហ៊ុនបង់ថ្លៃសេវាគាំពារសុខភាពជូនកម្មករ កម្មការិនី នឹងធ្វើឲ្យកម្មករ កម្មការិនី អាចសន្សំប្រាក់ថ្លៃសេវាសុខភាពបានយ៉ាងតិច ៨,០០០រៀល ទៅ១២,០០០រៀល។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ប្រឹងប្រែងធ្វើការងារឲ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៧នេះ រោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បានកើនដល់ ១,១០៧ គ្រឹះស្ថាន ខណៈដែលមានកម្មករនិយោជិតជាង៧៤ម៉ឺននាក់ ក្នុងនោះវិស័យនេះ បានផ្តល់ប្រាក់ឈ្នួលប្រមាណជិត២ពានលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ នេះបើតាមការប្រកាសរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងទៅ៕