(កណ្តាល)៖ យុវជនម្នាក់ ខណៈជិះទូកឆក់ត្រីក្នុងបឹង ២នាក់បងប្អូន មិនប្រយ័ត្នក៏ត្រូវចរន្តភ្លើងអាគុយឆក់ខ្លួនឯង បណ្តាលឲ្យធ្លាក់ចូលទឹកលិចបាត់ខ្លួនតែម្ដង លុះដល់ពេលសាច់ញាតិរាវរកឃើញស្រង់យកមកលើគោក ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ហេតុការណ៍នេះ កើតឡើងនៅពីម៉ោង ៩៖៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបឹងក្របីស្លាប់ខាងកើត ភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វិត តុង អាយុ១៧ឆ្នាំ មានមុខរបរជាកសិកររស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះទូកទៅជាមួយបងប្រុសឈ្មោះ វិត ពន្លឺ ដោយមានឧបករណ៍ឆក់ត្រី ដើម្បីទៅឆក់ត្រីនៅក្នុងបឹងកើតហេតុខាងលើ លុះពេលទៅដល់បងប្រុសជាអ្នកដោលទូកហើយជនរងគ្រោះជាអ្នកឆក់ ខណៈធ្វើសកម្មភាពឆក់នោះមិនដឹងជាកាន់ប៉ះអ្វីនោះទេ បណ្តាលឲ្យជនរងគ្រោះដំក្បាលចូលក្នុងទឹកបាត់ ភ្លាមនោះបងប្រុសបានស្រែកឆោឡោឡើងស្រែកហៅអ្នកជិតខាងកំពុងរកសុីឆក់ត្រីដែរ ឲ្យមកជួយ រាវរក លុះពេលមកដល់រាវរកឃើញស្រាប់តែជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏នាំគ្នាដឹកតាមទូកយកមកកាន់មាត់បឹងជាទីគោក រួចបានជម្រាបឲ្យនគរបាលចុះទៅពិនិត្យសាកសព។
ក្រោយពីនគរបាលបានចុះទៅពិនិត្យសាកសពរួច សន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចរន្តអាគុយសុីវើទ័រពិតប្រាកដមែន រួចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រជាពលរដ្ឋស្រុកមុខកំពូលបាននិយាយថា សកម្មភាពបទល្មើសឆក់ត្រីនៅក្នុងស្រុកមុខកំពូលសព្វថ្ងៃ ដូចហ្វូងគោ គ្មានជំនាញណាចុះមកបង្ក្រាបនោះទេ ប៉ុន្តែឮថា មានអ្នកបោះមេដើរប្រមូលលុយពីអ្នករកសុីបទល្មើសទាំងនោះ ទើបអ្នករកសុីឆក់ត្រីអាចធ្វើសកម្មភាពបានដោយរលូននោះ៕