(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី២០ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាប់ផ្តើមបន្តទៀតហើយ នៅសួនកាណាឌីយ៉ា ផ្លូវវេងស្រេង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។
លោក ពេជ្រ ស្រស់ បានថ្លែងឲ្យដឹងថា លោកនិងក្រុមការងារ ពិតរីករាយចំពោះសកម្មភាពរៃអង្គាសថវិកានេះ ដើម្បីជួយកសាងចេតិយជូនលោកបណ្ឌិត កែម ឡី ហើយការរៃអង្គាសនេះក៏ដោយសារគណៈកម្មការមុន មានព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀន...មិនអាចជួយរកថវិកាដើម្បីកសាងបាន។ លោក រួមនឹងក្រុមការងាររបស់លោក បានសម្រេចបើកយុទ្ធនាការដើររៃអង្គាសថវិកានេះតែម្តង ហើយនេះជារឿងសប្បុរសធម៌មានរយៈពេល៣០ថ្ងៃ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា យុទ្ធនាការនេះមានការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋច្រើនបង្គួរ។ យុទ្ធនាការរៃអង្គាស ថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ។ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងចូលរួមជាថវិកា ដើម្បីសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ឲ្យបានគ្រប់ៗគ្នា៕