(ភ្នំពេញ)៖ ស្របពេលដែលបញ្ហាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI កំពុងក្លាយជាប្រធានបទក្តៅគគុកជុំវិញការមិនបានចុះបញ្ជីការផ្លូវច្បាប់ នៅក្រសួងការបរទេសកម្ពុជា ស្រាប់តែពេលនេះអគ្គនាយកដ្ឋានពន្ធដារក៏បានចេញប្រកាសថា វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ដែលផ្តល់ថវិកាដោយ អាមេរិកាំងហើយបាននឹងកំពុងធ្វើសកម្មភាពនៅកម្ពុជាមួយនេះ ក៏មិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធរបស់នាយកដ្ឋានពន្ធដារផងដែរ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានធ្លាប់ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះថា «តាមការពិនិត្យផ្ទៀងផ្ទាត់ក្នុងប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីពន្ធដារ អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា អង្គការ NDI មិនបានមកចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធឡើយ។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារយល់ឃើញថា មិនគួរអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណ ឬចុះអនុស្សរណនៃការយោគយល់គ្នា ជាមួយអង្គការនេះ នោះទេ ព្រោះថាផ្អែកលើទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ អង្គការនេះបានប្រព្រឹត្តខុស ដោយមិនបានមកចុះបញ្ជីពន្ធដារ ស្របតាមច្បាប់ជាធរមាន»។
មន្រ្តីកំពូលនៃអគ្គនាយកដ្ឋានពន្ធដារ ដដែលរូបនោះបានអះអាងថា «មាត្រា១០១ នៃច្បាប់ស្តីពីសារពើពន្ធ ដែលបានប្រកាសដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ បានចែងថា បុគ្គលទាំងឡាយត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុង១៥ថ្ងៃ ក្រោយពីបុគ្គលនោះចាប់ធ្វើសកម្មភាពសេដ្ឋកិច្ច»។
មាត្រា១២៨ តាមច្បាប់ស្តីពីសារពើពន្ធបានក៏ចែងដែរថា «ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ត្រូវចាត់ទុកថា ជាអំពើរាំងស្ទះក្នុងការអនុវត្តបទប្បញ្ញាត្តិ ស្តីពីពន្ធដារ។ ការដែលធ្វើឲ្យរាំងស្ទះដល់ការគ្រប់គ្រងប្រព័ន្ធសារពើពន្ធដូចមានចែងក្នុងមាត្រា១២៨ នៃច្បាប់នេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើស ផ្នែកព្រហ្មទ័ណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ»។
សូមជំរាបថា ជុំវិញការមិនបានចុះបញ្ជីការតាមផ្លូវច្បាប់នៅក្រសួងការបរទេសកម្ពុជា របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI ត្រូវបាន លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា បើយោងតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាលបានចែងថា អង្គការមិនមែនរដ្ឋាភិបាល បរទេសដែលធ្វើសកម្មភាពដោយ មិនបានចុះបញ្ជីជាទង្វើខុសច្បាប់ អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ ដោយផ្អែកតាមច្បាប់ NGO របស់កម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងថា «សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ជាទង្វើខុសច្បាប់ ដោយផ្អែកតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា។ អាជ្ញាធរមានកាតព្វកិច្ចចាត់វិធានការគ្រប់បែបយ៉ាងដើម្បីបញ្ឈប់ សកម្មភាពនេះ ហើយសកម្មភាពនេះនឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌបន្ថែមទៀត ប្រសិនសកម្មភាពនេះជាអំពើល្មើសព្រហ្មទណ្ឌ! រីឯជនបរទេសដែលកំពុងចូលរួម សកម្មភាពក្នុងសមាគម ឬអង្គការបែបនេះ មិនត្រឹមតែប្រឈមនឹងវិធានការ បណ្តេញចេញប៉ុណ្ណោះទេ គឹត្រូវប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌដូចគ្នា ប្រសិនបើខ្លួនបានចូលរួមក្នុងសកម្មភាពដែលជាបទល្មើសព្រហ្មទណ្ឌណាមួយ!»។
មាត្រា៣៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចែងដូច្នេះថា៖ «អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ ចំពោះសមាគម ឬអង្គភាពមិនមែនរដ្ឋាភិបាលបរទេសណាដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ឬដែលត្រូវបានបញ្ចប់សុពលភាពអនុស្សរណៈដោយក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិធានការបន្ថែមទាក់ទង នឹងការបណ្តេញចេញស្របច្បាប់តាមច្បាប់អន្តោប្រវេសន៍ អាចត្រូវបានអនុវត្តចំពោះជនបរទេសណា ដែលបម្រើការងារនៅក្នុងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលប្រព្រឹត្តល្មើសខាងលើ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត»។
សូមជំរាបថា ថ្មីៗនេះក្រោយពីការបែកធ្លាយពីសកម្មភាពអង្គការរបស់អាមេរិក វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ថា បានរៀបចំជួយទំនុកបំរុង និងជ្រោមជ្រែង គណបក្សប្រឆាំងឲ្យផ្តួលរំលំគណបក្សកាន់អំណាចតាមគ្រប់រូបភាពមក, វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានផ្តល់សេចក្តីបំភ្លឺជាច្រើនដល់បណ្តាញព័ត៌មាន Fresh News ជាពិសេសបានឆ្លើយនឹងសំណួររបស់ Fresh News ផ្ទាល់តែម្តងនៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
អង្គភាពព័ត៌មាន Fresh News បានសួរជាសំណួរថា តើវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានធ្វើការងារនៅប្រទេសកម្ពុជាជាង២៥ឆ្នាំហើយ ចុះហេតុអីបានជាទើបតែចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការនៅពេលនេះ?
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បានលើកឡើងថា៖ «បានដាក់ពាក្យដើម្បីចុះបញ្ជីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅខែកញ្ញា ឆ្នាំ២០១៦ ជាការឆ្លើយតបទៅនឹងការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានទទួលយកពាក្យស្នើសុំរបស់វិទ្យាស្ថានជាតិ NDI នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។ នៅពេលនេះវិទ្យាស្ថានជាតិ NDI កំពុងតែរង់ចាំនូវការ សំរេចចុងក្រោយ និងកំពុងតែទន្ទឹងរង់ចាំការពិនិត្យយល់ព្រមពីក្រសួងការបរទេស និងសហប្រតិបត្តិការ»៕