(ប៉ៃលិន)៖ ប្រជាកសិករជួបបញ្ហាខ្យងក្រហមរាតត្បាតស៊ីបំផ្លាញស្រូវប្រមាណជាង ២០០គ្រួសារ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ត្រូវបានលោកស្រី បាន ស្រីមុំ តំណារាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារ និងមន្ទីរកសិកម្មខេត្ត ព្រមទាំងក្រុមការងារយុវជនគណបក្ស បានចុះពិនិត្យ និងផ្តល់ថ្នាំសម្លាប់ខ្យងក្រហមបំផ្លាញស្រូវ ដើម្បីដោះស្រាយទុក្ខកង្វល់ភ្លាមៗ និងជួយសង្គ្រោះដំណាំស្រូវដែលត្រូវខ្យងស៊ីបំផ្លាញធ្ងន់ធ្ងរ។
ថ្លែងក្នុងឱកាសនោះ លោកស្រីបានគូសបញ្ជាក់ជូនប្រជាកសិករទាំងអស់ឲ្យបានដឹងថា «មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលនៅ រួមសុខ រួមទុក្ខ និងជួយដោះស្រាយបញ្ហា និងក្តីកង្វល់ជូនប្រជាពលរដ្ឋពិតប្រាកដ ដោយមិនដែលសន្យា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន គឺធ្វើដូចភ្លៀងរលឹម ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋចំពោះ មុខភ្លាមៗ និងទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាកសិករណាម្នាក់រងគ្រោះប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារឡើយ»។
លោកស្រីក៏បានផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ ដែលជួបបញ្ហានាពេលនេះ សូមយកថ្នាំទៅប្រើប្រាស់តាមបច្ចេកទេសណែនាំ និងកុំឲ្យយកខ្យងទាំងនេះទៅបរិភោគ ដែលអាចប៉ះពាល់ដល់សុខភាព និងប្រសិនបើមានបញ្ហាផ្សេងទៀត សូមរាយការណ៍មកក្រុមការងារអ្នកតំណាងរាស្រ្ត និងសកម្មជនយុវជនក្នុងឃុំ និងអាជ្ញាធរភូមិ ឃុំ ដើម្បីជួយអន្តរាគមន៍ និងចាត់វិធានការជួយសង្គ្រោះភ្លាមៗ និងទាន់ពេលបន្តទៀត។
លោកស្រី បាន ស្រីមុំ ក៏បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្ត ដែលបានចូលរួមសហការ ចុះជួយប្រជាកសិករនាពេលនេះ និងថ្លែងអំណរគុណដល់បងប្អូនប្រជាកសិករ និងប្រជាពលរដ្ឋក្នុងឃុំសាលាក្រៅទាំងអស់ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះបន្តដឹកនាំកសាងអភិវឌ្ឍន៍ឃុំ ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតផងដែរ៕