(ភ្នំពេញ)៖ បុគ្គលិកបុរី ប៉េង ហួត, អតិថិជន, សាធារណជន និងក្រុមហ៊ុនដៃគូ ប្រមាណជាង១០០នាក់ នៅថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៧នេះ បានចូលរួមបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាមជាលើកទី៣ នៅក្នុងទីតាំង គម្រោងបុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍ តាមបណ្តោយផ្លូវ៥៨៨ (ផ្លូវជា សុផារ៉ា)។
កម្មវិធីបរិច្ចាគឈាមនេះ រៀបចំឡើង ដោយស្ម័គ្រចិត្ត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់យកទៅ ជួយជនរងគ្រោះ ដែលត្រូវការ ឈាមជាចាំបាច់។
ថ្លែងក្នុងឱកាសនោះ លោកស្រី ទឹម ច័ន្ទបូរ៉ាវី តំណាងបុរី ប៉េង ហួត បានលើកឡើងថា ថ្ងៃនេះផ្ទាល់ បុរី ប៉េង ហួត បានរៀបចំឲ្យមានកម្មវិធីបរិច្ចាគឈាម ជាលើកទី៣ ជូនដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដែលមានការ អញ្ជើញចូលរួម ពីដៃគូសហការ ដែលមានដូចជា ក្រុមហ៊ុន Tous Les Sour, D’Furniture និង Pocari Sweat ។
លោកស្រី ទឹម ច័ន្ទបូរ៉ាវី បានលើកឡើងថា យើងរួមគ្នាបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ដោយសារមើលឃើញ ពីតម្រូវការឈាមជាចាំបាច់ សម្រាប់ជួយជីវិតអ្នកជំងឺ និង ជនរងគ្រោះ ហើយក៏បង្កើតជាឱកាសដល់ សប្បុរសជន ដែលមានបំណងចង់បរិច្ចាគឈាមដោយស្ម័គ្រចិត្តផងដែរ។
លោកស្រី បានបន្តទៀតថា បុរី ប៉េង ហួត នឹងបង្កើតឲ្យមានកម្មវិធីបរិច្ចាគឈាមនេះ ឡើងជាបន្តបន្ទាប់ទៀត នៅឆ្នាំក្រោយៗទៀត។
វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណដល់ អតិថិជន សាធារណជន ក្រុមហ៊ុនជាដៃគូ និង បុគ្គលិកបុរី ប៉េង ហួត ដែលបានធ្វើការបរិច្ចាគឈាមយ៉ាងច្រើនដល់មជ្ឈមណ្ឌល។
លោកប្រធាន បានថ្លែងថា ដោយសារតម្រូវការឈាម មានជាប្រចាំ ក្នុងមួយថ្ងៃៗ យើងត្រូវការឈាមប្រមាណជា២០០ ប្លោក ដើម្បីជួយទៅដល់ជនរងគ្រោះ និង អ្នកជំងឺ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងការកោតសរសើរដល់អតិថិជន សាធារណជន ក្រុមហ៊ុនជាដៃគូ និង បុគ្គលិកបុរី ប៉េង ហួត សម្រាប់ការចូលរួមចំណែកបរិចា្ចគឈាម ដោយ ស្ម័គ្រចិត្តក្នុងថ្ងៃនេះ ដែលពិតជាមានសារប្រយោជន៍យ៉ាងសំខាន់ សម្រាប់សង្គ្រោះជិវិតមនុស្ស៕