(ក្រចេះ)៖ កម្លាំងនគរបាលស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានស្រាវជ្រាវរហូតឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីរំលោភសេពសន្ថវៈ ទៅនារីរងគ្រោះពេលនៅផ្ទះម្នាក់ឯង ខណៈពេលប្ដីរបស់នាងមិននៅផ្ទះ។ ហេតុការណ៍ឃាត់ខ្លួន ជនសង្ស័យរូបនោះ បានធ្វើឡើងនៅចំណុចដីសម្បទានកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក ស្រី ជាលី អធិការរងនគរបាលទទួលការងារយុត្តិធម៌ ស្រុកចិត្របុរី បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះថា នារីរងគ្រោះមានឈ្មោះ ឯ.គ.ង អាយុ១៨ឆ្នាំ មុខរបរកសិករ។ ចំណែកជនសង្ស័យឈ្មោះ ខាន់ សុខរី អាយុ៣១ឆ្នាំ មុខរបរកសិករ ហើយជនរងគ្រោះ និងជនសង្ស័យរស់នៅភូមិជាមួយគ្នា គឺភូមិឃុំកើតហេតុខាងលើ។
លោកអធិការរងបានបន្តទៀតថា នៅយប់ថ្ងៃ១៧ ខែសីហា ខណៈប្ដីជនរងគ្រោះមិននៅផ្ទះ ហើយជនរងគ្រោះកំពុងតែដេកនៅផ្ទះម្នាក់ឯង ស្រាប់តែជនសង្ស័យ លួចឡើងលើផ្ទះតាមរានបាយ ចាប់រំលោភទាល់តែបានសំរេចតែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះពីរនាក់ប្ដី-ប្រពន្ធ បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុក រហូតតាមស្រាវជ្រាវចាប់ខ្លួនតែម្តងនៅរសៀលថ្ងៃទី១៨ ខែសីហា។
បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្នាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅការិយាលយ័ប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះចាត់ការបន្តទៀត៕