(បាត់ដំបង)៖ ថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកសង្កែ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង របស់គណបក្សប្រជាជនកម្ពុជា លោក ឡោក ហួរ បានបញ្ជាក់ថា ក្នុងនាមក្រុមការងារចុះមូលដ្ឋាន មិនត្រូវឆ្លើយដោះសារយករួចខ្លួន ជាមួយរាស្រ្តឲ្យសោះ គឺត្រូវដោះស្រាយរាល់បញ្ហាទាំងឡាយ ជូនរាស្រ្តទើបល្អប្រសើរ ព្រោះយើងទាំងអស់គ្នាសុទ្ធតែអ្នកបម្រើរាស្រ្ត ហើយត្រូវកសាងសមិទ្ធិផលបន្ថែមទៀត ជូនប្រជាពលរដ្ឋ។
លោកតំណាងរាស្រ្តលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខណៈពេលពួកគាត់កំពុងត្រូវការឲ្យជួយដោះស្រាយបញ្ហាកង្វល់មួយចំនួន។
លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយ ក្រុមការងារតែងតែបានកសាងសមិទ្ធិ្ធផលលើគ្រប់វិស័យបានជាច្រើន ជូនប្រជាពលរដ្ឋទុកប្រើប្រាស់ ជាប្រយោជន៍រួមសាធារណៈ ហើយបាននិងកំពុងបន្តកសាងសមិទ្ធិផលបន្ថែមទៀត តាមសេចក្តីត្រូវការរបស់ពលរដ្ឋ។
ជាក់ស្តែងក្រុមការងារបានចុះមកថ្ងៃនេះ នឹងត្រូវធ្វើការដោះស្រាយជាបន្ទាន់ចំនួន២គឺ ទី១៖ជួយជួសជុលផ្លូវថ្នល់១ខ្សែ ដែលមានប្រវែងជាង៥គីឡូម៉ែត្រ ដោយតភ្ជាប់គ្នា ជាមួយភូមិចំនួន៦ភូមិ សម្រាប់កសិករធ្វើដំណើរ ដឹកកសិផលយកទៅលក់ នៅផ្សារផ្សេងៗ ដែលស្របពេលស្រូវជិតបានច្រូតប្រមូលផល ក្នុងពេលឆាប់ៗនេះ។ ទី២៖បានពន្យល់អំពីតម្លៃស្រូវ ដែលកសិករត្រូវលក់ក្នុងរដូវនេះថា ចំពោះតម្លៃស្រូវ គឺលក់បានជាក់ស្តែង ក្នុងតម្លៃទីផ្សារសេរី គឺមិនអាចកំណត់បាននោះទេ អាស្រ័យលើហាងឆេងទីផ្សារ ជាអ្នកកំណត់តាមជាក់ស្តែង។
លោកប្រធានបន្ថែមថា ដើម្បីឆ្លើយតបទៅនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ គឺចង់បានចាក់ដីជួសជុលផ្លូវ១ខ្សែ មានប្រវែងជាង៥គីឡូម៉ែត្រ តាមសំណូមពររបស់ពួកគាត់ ខណៈឃុំរាំងកេសីនេះ មានប្រជាពលរដ្ឋគាំទ្របោះឆ្នោត បានឈ្នះឃុំកន្លងថ្មីៗនេះផង។ លោកក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋក្នុងឃុំរាំងកេសី ក៏ដូចជាឃុំមួយចំនួន ក្នុងស្រុកសង្កែ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កន្លងមកក៏ដូចជាបច្ចុប្បន្ន។
ជាចុងក្រោយលោកតំណាងរាស្រ្ត បានជម្រាបជូនដល់លោកអភិបាលស្រុក និងលោកមេឃុំទាំងអស់ថា គួរសិក្សាបង្កើតកន្លែងទីតាំងសហគមន៍លក់ស្រូវ១ កន្លែងក្នុង១ឃុំ ដើម្បីងាយស្រួលដល់ក្រុមហ៊ុនប្រមូលទិញផងដែរ ហើយបានកាត់បន្ថយចំណាយលីសែង ក្នុងពេលផ្ទេរស្រូវពីរថយន្តដឹកស្រូវ១ ទៅរថយន្តដឹកស្រូវ១ទៀតបាន៕