(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ ចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាបលរដ្ឋ ចំនួន៥០០គ្រួសារ នៅស្រុកពោធិ៍រៀង។
ក្រុមជំនួយការលោក ស សុខា បានឲ្យដឹងថា ក្រៅពីនេះលោក ស សុខា និងលោក ជា សុមេធី បន្ដសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងកម្មវិធីលាងសម្អាតដៃ ជូនដល់សិស្សានុសិស្ស និងកុមារ នៅសាលាបឋមសិក្សាព្រុំសុនក្តីកណ្តាល ក្រុងព្រៃវែង និងបឋមសិក្សាព្រៃវែង។
អំណោយដែលចែកជូនដល់ពលរដ្ឋចំនួន៥០០គ្រួសារនោះ រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាក្នុងមួយគ្រួសារ ២ម៉ឺនរៀល។
ដោយឡែកសិស្សានុសិស្សនៅបឋមសិក្សាព្រុំសុនក្ដីកណ្ដាល និងបឋមសិក្សាព្រៃវែង បានរៀបចំពិធីលាងសម្អាតដៃ ហើយក៏ទទួលបានសម្ភារៈសិក្សា និងថវិកាមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ការរួមគ្នាលាងសម្អាតដៃ ថ្ងៃនេះជាគំរូ និងលើកទឹកចិត្តដល់កុមារ ក៏ដូចជាប្រជាជនទាំងអស់យល់ថាអនាម័យ នាំមកនូវសុខភាពល្អ៕