(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជានៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ដែលចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី នៅសណ្ឋគារសាន់វេភូត្រា នាទីក្រុងកូឡាឡាំពួរផ្ទាល់តែម្ដង។
ថ្លែងក្នុងឱកាសនោះលោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា «ការចូលរួមប្រកួតកីឡា SEA Games ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំគ្រប់កម្រិតត្រូវធ្វើការត្រួតពិនិត្យពីចំណុចខ្លាំង និងចំណុចខ្សោរបស់ម្ចាស់ផ្ទះ ដើម្បីជាគំរូសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវិញម្ដង នៅឆ្នាំ២០២៣ខាងមុខ។ លោករដ្ឋមន្ដ្រីបន្ដថា ក្រោយចូលរួមប៉ុន្មានថ្ងៃមកនេះ កម្ពុជាបានរកឃើញនូវកង្វះខាតធំមួយ ដែលកម្ពុជាត្រូវដោះស្រាយមុនស៊ីហ្គេម ឆ្នាំ២០២៣ មកដល់ គឺការរៀបចំនូវផ្នែកវេជ្ជសាស្រ្ដកីឡា និងមជ្ឈមណ្ឌលវាស់ស្ទង់ កម្រិតសមត្ថភាពអត្តពលិកជាដើមដែលបច្ចុប្បន្ននៅខ្វះខាតនៅឡើយ»។
ជាមួយគ្នានោះលោក ថោង ខុន ក៏បានស្នើឲ្យគ្រូបង្វឹក និងអត្តពលិកត្រូវមានការយោគយល់ ចំពោះម្ចាស់ផ្ទះម៉ាឡេស៊ី ដោយកុំបង្ហោះ Facebook ប្រសិនបើពួកគេមើលឃើញពីភាពអសកម្មណាមួយ របស់ម្ចាស់ផ្ទះ។ យ៉ាងណាមិញកម្ពុជា ក៏ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងដូចគ្នា នាឆ្នាំ២០២៣ ដូច្នេះលោករដ្ឋមន្ដ្រីបានស្នើឲ្យគ្រូបង្វឹក និងអត្តពលិកកម្ពុជា បង្វែរពីការរិះគន់ មកជាបទពិសោធន៍ សម្រាប់អនុវត្តន៍ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិញ ដោយបំពេញនូវចំណុចល្អ លើចំណុចខ្វះខាតរបស់ម្ចាស់ផ្ទះមុនៗ។
គួរបញ្ជាក់ថា ការសំណេះសំណាល និងការផ្ដាំផ្ញើរបស់ប្រមុខថ្នាក់ដឹកនាំកីឡាខាងលើ គឺធ្វើឡើងមុនពិធីបើកការប្រកួតកីឡា SEA Games លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងរៀបចំពិធីបើក ការប្រកួតផ្លូវការនាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំង ១១ប្រទេស ក្នុងមហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ២ឆ្នាំម្ដងនេះ ហើយក្នុងនោះដែរ ក៏មានវត្តមានប្រមុខថ្នាក់ដឹកនាំកីឡា និងអត្តពលិកកម្ពុជាផងដែរ៕