(ភ្នំពេញ)៖ ថ្មីៗនេះក្រោយពីការបែកធ្លាយពីសកម្មភាពអង្គការរបស់អាមេរិក វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ថា បានរៀបចំជួយទំនុកបំរុង និងជ្រោមជ្រែង គណបក្សប្រឆាំងឲ្យផ្តួលរំលំគណបក្សកាន់អំណាចតាមគ្រប់រូបភាពមក, វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានផ្តល់សេចក្តីបំភ្លឺជាច្រើនដល់បណ្តាញព័ត៌មាន Fresh News ជាពិសេសបានឆ្លើយនឹងសំណួររបស់ Fresh News ផ្ទាល់តែម្តងនៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
អង្គភាពព័ត៌មាន Fresh News បានសួរជាសំណួរថា តើវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានធ្វើការងារនៅប្រទេសកម្ពុជាជាង២៥ឆ្នាំហើយ ចុះហេតុអីបានជាទើបតែចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការនៅពេលនេះ?
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បានលើកឡើងថា៖ «បានដាក់ពាក្យដើម្បីចុះបញ្ជីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅខែកញ្ញា ឆ្នាំ២០១៦ ជាការឆ្លើយតបទៅនឹងការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានទទួលយកពាក្យស្នើសុំរបស់វិទ្យាស្ថានជាតិ NDI នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។ នៅពេលនេះវិទ្យាស្ថានជាតិ NDI កំពុងតែរង់ចាំនូវការ សំរេចចុងក្រោយ និងកំពុងតែទន្ទឹងរង់ចាំការពិនិត្យយល់ព្រមពីក្រសួងការបរទេស និងសហប្រតិបត្តិការ»។
ឆ្លើយតបករណីនេះត្រូវបានអ្នកវិភាគឯករាជ្យមួយចំនួនបានលើកឡើងជាសំណួរថា ហេតុអ្វីក្នុងកំឡុងពេលដែល NDI នៅមិនទាន់បានទទួល ការឆ្លើយតបពីក្រសួងការបរទេសលើសំណើសុំចុះបញ្ជីរបស់ខ្លួន អង្គការនេះនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល។ សម្មភាពទាំងនោះមានដូចជា ជំនួយបច្ចេកទេសសម្រាប់ការ បោះឆ្នោត, បង្កើនការចូលរួមរបស់ស្រ្តី និងយុវជនក្នុងដំណើរការនយោបាយ, ពង្រឹងគណបក្សនយោបាយ ក៏ដូចជាគាំទ្រនូវសកម្មភាព នៅសហគមន៏ដែលអនុវត្ត និងដឹកនាំដោយអង្គការនៅមូលដ្ឋាន។ អ្នកវិភាគបានបញ្ជាក់ថា ការដែលមិនទាន់ឆ្លើយតបពីក្រសួងការបរទេសនេះ អាចចាត់ទុក សកម្មភាពទាំងនេះជាទង្វើល្មើសច្បាប់។ ព្រោះតាមច្បាប់អង្គការបរទេស ដែលមិនទាន់បានទទួលការចុះបញ្ជីស្របច្បាប់ មិនអាចធ្វើសកម្មភាពបានឡើយ។
Fresh News បានបន្តសំណួរថា តើវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានទទួលថវិកាពីប្រភពណាខ្លះ? ហើយចំណាយលើសកម្មភាពអ្វីខ្លះ?
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានឆ្លើយតបថា «ពេលបច្ចុប្បន្ននេះបានទទួលថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៏អន្តរជាតិ (USAID)។ កម្មវិធីរយ:ពេលបួនឆ្នាំរបស់យើង គឺជាកម្មវិធីកំណែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជា (CDR) ដោយផ្តោតលើការចូលរួមរបស់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិជំនួយ បច្ចេកទេសសម្រាប់ការបោះឆ្នោត និងការពង្រឹងគណបក្សនយោបាយ។ កម្មវិធី CDR សង្កត់ធ្ងន់ជាពិសេសលើកិច្ចប្រឹងប្រែង ដើម្បីបង្កើនការចូលរួមរបស់ស្រ្តី និងយុវជនក្នុងដំណើរការនយោបាយ»។
វិទ្យាស្ថានជាតិប្រជាធិបេតយ្យ NDI បាននឹងកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ តើផ្សេងៗទៀតយើងបានគាំទ្រនូវសកម្មភាព នៅសហគមន៏ដែលអនុវត្ត និងដឹកនាំដោយអង្គការនៅមូលដ្ឋាន ការទទួលយកនូវក្រមសីលធ៌មគណបក្សនយោបាយការអភិវឌ្ឍន៏តួនាទីរបស់ស្រ្តីក្នុងគណបក្ស នយោបាយ និងក្លាយជាមន្រ្តីជាប់ឆ្នោត ហើយនឹងគំនិតផ្តួចផ្តើមដើម្បីត្រួតពិនិត្យ និងកំណែទម្រង់ដំណើរការបោះឆ្នោត។
ដើម្បីជាការបំភ្លឺ និងបង្ហាញពីតម្លាភាព, ក្រោយបែកធ្លាយឯកសារពីសកម្មភាព NDI ថា បានរៀបចំជួយជ្រោមជ្រែងគណបក្សប្រឆាំងឲ្យផ្តួលរំលំគណបក្ស កាន់អំណាចតាមគ្រប់រូបភាពមក, អង្គភាពព័ត៌មាន Fresh News បានស្នើសុំថា តើវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI អាចផ្តល់របាយការណ៏ស្តីចំណូលចំណាយ ដើម្បីផ្សាយជាសាធារណះបានទេ? វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានឆ្លើយមួយម៉ាត់ថា «ទេ» !
អ្នកវិភាគឯករាជ្យចៅចាក់ស្មុក បានលើកឡើងថា ការពង្រឹងគណបក្សនយោបាយ ជាពិសេសគណបក្សប្រឆាំង ការគាំទ្រសកម្មភាពតវ៉ាមួយចំនួននៅតាមមូលដ្ឋាន នេះហើយដែលជាដើមចោទនៃការសង្ស័យថា NDI ធ្វើសកម្មភាពសម្ងាត់ដើម្បីផ្តួលរំលំគណបក្សកាន់អំណាច។ តែរហូតមកដល់ការ បែកធ្លាយនូវបទបង្ហាញ របស់អង្គការ NDI ពីវគ្គបណ្ណុះបណ្តាលសកម្មជនគណបក្សសង្គ្រោះជាតិ ទើបការបង្ហាញពីភាពលម្អៀងរបស់ NDI ទៅលើគណបក្ស ប្រឆាំងក្នុងសកម្មភាព «ពង្រឹងគណបក្សនយោបាយ» កាន់តែលេចចេញច្បាស់ឡើង។
អ្នកវិភាគឯករាជ្យចៅចាក់ស្មុក បានបន្តលើកឡើងទៀតថា តាមឯកសារបែកធ្លាយ NDI ប្រាប់សកម្មជនបក្សប្រឆាំងថា ពួកគេនឹងឈ្នះឆ្នោតពិតប្រកដនៅឆ្នាំ២០១៨ ខាងមុខ បើមិនឈ្នះគឺមកពីគណបក្សប្រជាជន បន្លំសន្លឹកឆ្នោតប៉ុណ្ណោះ។ ចំពោះអ្នកវិភាគការលើកបែបនេះវាលើសពីការលើកទឹកចិត្តសកម្មជនគណបក្សប្រឆាំង ឬការពង្រឹងគណបក្សតែជាការដាក់កំដៅសាច់ដុំ សកម្មជនសម្រាប់តវ៉ាលទ្ធផលឆ្នោត២០១៨រួចជាស្រេច ក្នុងករណីគណបក្សសង្គ្រោះជាតិមិនបាន ទទួលការគាំទ្រពីមតិភាគច្រើន៕