(ភ្នំពេញ)៖ គិតមកដល់ត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ មានរយៈពេល ១០០ថ្ងៃហើយ ដែលលោក សឿង ត្ថានិត្យ អាយុ ២៨ឆ្នាំ អនុប្រធានការិយាល័យនីតិកម្ម នៃអាជ្ញាធរបឹងទន្លេសាប ត្រូវបានគេបាញ់សម្លាប់កណ្តាលរាជធានីភ្នំពេញ តែតម្រុយនៃការតាមវែកមុខជនល្មើសនៅតែបន្តស្ងប់ស្ងាត់។
សូមរំលឹកថា លោក សឿង ត្ថានិត្យ ត្រូវបានឃាតកបាញ់ចំនួន ៣គ្រាប់កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០១៧ ពេលកំពុងជិះរថយន្តបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តងនៅដងផ្លូវ។ ឃាតកម្មបាញ់ប្រហារសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃកណ្តាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា គឺជារឿងគំនុំ មិនមែនជាករណីប្លន់នោះទេ។
មកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ ឪពុក-ម្តាយ របស់លោក សឿង ត្ថានិត្យ បាននិងកំពុងរៀបចំបុណ្យខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនកូនប្រុសរបស់ខ្លួន។ ជាមួយនឹងពិធីបុណ្យឧទ្ទិសកុសលជូនកូនប្រុសនេះ ឪពុក-ម្តាយ របស់លោក សឿង ត្ថានិត្យ នៅតែបន្តនឹកស្រណោះ និងអាឡោះអាល័យចំពោះកូនប្រុសជាទីស្រឡាញ់របស់ខ្លួន ដែលត្រូវឃាតកបាញ់សម្លាប់ទាំងវ័យក្មេង។
ក្រៅពីការសម្តែងក្តីអាឡោះអាល័យចំពោះកូនហើយនោះ ឪពុក-ម្តាយ របស់លោក សឿង ត្ថានិត្យ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានព័ត៌មានពីដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ច ឬក៏តម្រុយក្នុងការឈានទៅចាប់ជនល្មើស ដែលបាញ់សម្លាប់កូនរបស់គាត់នៅឡើយទេ។
មានការលើកឡើងថា មានឃាតកម្មជាច្រើនត្រូវបានសមត្ថកិច្ចតាមវែកមុខឃាតកមកផ្តន្ទាទោសទៅតាមច្បាប់ ដោយឡែកករណីបាញ់ប្រហារលោក សឿង ត្ថានិត្យ បែរជាត្រូវស្ងប់ស្ងាត់ដូចចោរលួចសេះ បានបង្កើតទៅជាការសង្ស័យមួយទៅលើចំណាត់ការរបស់សមត្ថកិច្ច។
ឪពុក-ម្តាយ របស់លោក សឿង ត្ថានិត្យ មិនបានដឹងពីមូលហេតុ និងភាពយឺតយ៉ាវរបស់សមត្ថកិច្ចក្នុងការស្រាវជ្រាវលើករណីឃាតកម្មបាញ់ប្រហារលើកូនរបស់ពួកគាត់នោះទេ។ តែពួកគាត់នៅតែមានសង្ឃឹមលើសមត្ថកិច្ចគ្រប់ស្ថាប័ន ទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ នឹងបន្តស្រាវជ្រាវចាប់ខ្មាន់កាំភ្លើងបាញ់ មកផ្តន្ទាទោសក្នុងពេលឆាប់ៗខាងមុខនេះ។
ទាំងឪពុក-ម្តាយ និងសាច់ញាតិ របស់លោក សឿង ត្ថានិត្យ បានគូសបញ្ជាក់ថា ដរាបណាជនល្មើសនៅតែបន្តមានសេរីភាព អារម្មណ៍ពួកគាត់គ្មានថ្ងៃបានស្ងប់នោះឡើយ៕