(ភ្នំពេញ)៖ ធនាគារពិភពលោកនៅកម្ពុជា បានចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន បង្ហាញពីការទទួលស្គាល់វឌ្ឍនភាព និងដំណើររីកចម្រើន នៃវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេសការយកចិត្តទុកដាក់ លើការគាំពារសុខភាពប្រជាជនក្រីក្រ និងជនងាយរងគ្រោះដូចជាជនចាស់ជរា និងជនពិការជាដើម។ នេះបើតាមការចុះផ្សាយ ក្រសួងសុខាភិបាល លើ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៩ ខែសីហានេះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា នៅក្នុងអត្ថបទរបស់ធនាគារពិភពលោក ចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ បានឆ្លុះបញ្ចាំងពីការគិតគូរ អំពីអនាគតរបស់កុមារកម្ពុជា ដោយបានធ្វើឲ្យមានវឌ្ឍនភាពខ្លាំង ក្នុងការថែទាំសុខភាពរបស់ពួកគេ។ អត្រាស្លាប់របស់ម្តាយ និងកុមារបានថយចុះយ៉ាងច្រើន ហើយបច្ចុប្បន្ននេះ មានមន្ទីរពេទ្យមណ្ឌលសុខភាព និងប៉ុស្តិសុខភាពនៅទូទាំងប្រទេស កំពុងផ្តល់សេវាសុខាភិបាល ប្រកបដោយសមធ៌ម គុណធ៌ម ប្រសិទ្ធិភាព និងគុណភាពដែលប្រជាពលរដ្ឋបាន និងកំពុងប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់។
ធនាគារពិភពលោកក៏បានលើកឡើងផងដែរថា ស្ថានភាពគឺពិតជាខុសប្លែកគ្នា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ នៅពេលដែលការទទួលបានសេវាសុខភាព គឺមានជួបឧបសគ្គសម្រាប់ប្រជាជនក្រីក្រ និងអ្នករស់នៅជនបទដាច់ស្រយ៉ាល។ តាមរយៈមូលនិធិសមធម៌ ប្រជាជនក្រីក្រជាង៣លាននាក់ ដែលពេលនេះបានទទួលការពិនិត្យថែទាំ និងព្យាបាលដោយរដ្ឋជាអ្នកបង់ថ្លៃជួស។
ការគាំពារផ្នែកសុខភាព ជូនដល់ជនក្រីក្រជនចាស់ជរាគ្មានទីពឹង និងជនពិការ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លៀសវ៉ៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ដោយបាន ពង្រីកការអនុវត្តន៌គំរោងមូលនិធិសមធម៌ នៅទូទាំងប្រទេស និងកំពុងអនុវត្តការគាំពារសុខភាពសង្គម ជូនដល់កម្មករ កម្មការីនីបម្រើការងារនៅតាមរោងចក្រ សហគ្រាស ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ គាំពារសុខភាពជូនដល់មន្ត្រីសាធារណ:។
ដំណើរការវិវត្តន៌ក្នុងវិស័យសុខាភិបាលនេះ បានបង្ហាញច្បាស់ពីសុឆន្ទ: និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្នុងការបំពេញភារកិច្ច កសាងវិស័យនេះ តាំងពីបាតដៃទទេររហូតមានការរីកចម្រើន ដូចបានលើកឡើងក្នុងអត្ថបទរបស់ធនាគារពិភពលោក ដែលព័ត៌មានលំអិតមានដូចភ្ជាប់ ជាមួយខាងក្រោមនេះស្រាប់។
ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់លទ្ធភាព និងថវិកាដើម្បីអនុវត្តកិច្ចការដ៏លំបាកលំបិននេះ រហូតទទួលបានវឌ្ឍភាព និងរីកចម្រើនដូចបច្ចុប្បន្ននេះ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ ហើយក៏សូមអរគុណដល់ដៃគូអភិវឌ្ឍទាំងអស់ ដែលបានជួយវិស័យសុខាភិបាលកម្ពុជា រួមចំណែកក្នុងការធ្វើឲ្យមានភាពល្អប្រសើរ ឡើងនូវសុខភាពប្រជាជនកម្ពុជា៕