(ភ្នំពេញ)៖ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហានេះ សម្រេចបញ្ជូនបុរសម្នាក់ ដែលបាញ់រថយន្តក្រុង «បូព៌ាអាស៊ី ដឹកអ្នកដំណើរ» ព្រោះទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍ ទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស បន្ទាប់ពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ សម្រេចចោទពីបទ «កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទធ្វើឲ្យខូចខាតដោយចេតនា» តាមមាត្រា៤១០ និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា មានករណីផ្ទុះអាវុធប្រមាណជិត១០គ្រាប់ នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដាយផ្លូវ៥៩៨ មុខដី ឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដក្រុង និងរថយន្ដព្រូស។ បន្ទាប់ពីកើតហេតុជនបង្កត្រូវបានកម្លាំង សមត្ថកិច្ចចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
បើតាមជនដែលបានបាញ់ប្រហារ ទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលកើតហេតុរថយន្ដក្រុងរបស់ក្រុមហ៊ុន បូព៌ាអាស៊ីដឹកអ្នកដំណើរ បានបុករថយន្ដរបស់ខ្លួនហើយ មិនឈប់នោះទេ ទើបខ្លួនដេញតាមពីក្រោយហើយដកកាំភ្លើងបាញ់តែម្ដង ហើយបើគាត់ឈប់ដោះស្រាយមិនអីទេ តែគាត់ឈ្លើយពេកបុកហើយបើករត់ បើកយ៉ាងលឿនទៀតផង ចុះបើទៅបុកគេផ្សេងច្បាស់ជាគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។
បើតាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយ បានបើកទៅគៀររថយន្ដព្រូស ក្រោយមករថយន្ដក្រុងនោះមិនបានឈប់ ដោះស្រាយទេ គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូស ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង ប៉ុន្ដែក្នុងករណីនេះ មិនមានអ្នកណាម្នាក់រងរបួស នោះទេ។ នៅកន្លែងកើតហេតុសមត្ថកិច្ច បានដកហូតអាវុធខ្លីទំនើប របស់ជនដែលបាញ់ផងដែរ ទុកបណ្ដោះអាសន្នសិនផងដែរ៕