(ភ្នំពេញ)៖ លោកស្រី ម៉េង សុភារី អនុប្រធានចលនាស្រ្តីរបស់គណបក្សសង្រ្គោះជាតិ នាថ្មីៗនេះ បានដាក់លិខិតជូន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដើម្បីសុំលាលែងពីតំណែងអនុប្រធានចលនាស្រ្តីមួយនេះ។
លោកស្រី ម៉េង សុភារី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះថា មូលហេតុដែលលោកស្រី លាលែងពីតំណែងនេះ ដោយសារតែលោកស្រីមានការងារជាប់រវល់ច្រើន ដោយក្នុងនោះមានទាំងការងារពាក់ព័ន្ធនឹងការបោះឆ្នោតផងដែរ។
ប៉ុន្តែលោកស្រីបញ្ជាក់ថា ចាប់តាំងពីថ្ងៃដាក់ពាក្យរហូតដល់ពេលនេះ លោកស្រីមិនទាន់ទទួលបានការឆ្លើយតបពី លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលអនុញ្ញាតឱ្យលាលែងនៅឡើយទេ។
បើតាមការអះអាងរបស់ លោកស្រី ម៉េង សុភារី បន្ទាប់ពីលាលែងពីតំណែងអនុប្រធានចលនាស្រ្តីនេះ លោកស្រីនៅមានតំណែងធំមួយទៀត នៅក្នុងគណបក្សសង្រ្គោះជាតិ នោះគឺប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតគណបក្សសង្រ្គោះជាតិ។ ក្រៅពីនោះ លោកស្រីក៏ជាមេធាវីមួយរូបផងដែរ៕